(ពោធិ៍សាត់)៖ យុវជនស្រុកបាកាន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានរួបរួមគ្នាបា្ររព្ធនូវការជួបជុំមួយ ដើម្បីផ្សព្វផ្សាយពីអត្ថន័យនៃទិវានៃ​ក្តីស្រលាញ់ ដោយមានការអញ្ជើញចូលរួមពី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ស្រុកបាកាន លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្ស យុវជន សិស្សានុសិស្ស វិទ្យាល័យបាកាន សរុបប្រមាណជិត ១៤០០ នាក់ ។

បន្ទាប់ពីបានស្តាប់អំពីចំណាប់អារម្មណ៍របស់លោកអភិបាលស្រុក លោកស្រីតំណាងអាណាព្យាបាល អ្នកគ្រូ និងតំណាងយុវជនស្រុករួចមក លោករដ្ឋមន្ត្រី បានថ្លែងសំណេះសំណាល ពន្យល់អំពីអត្ថន័យនៃក្តីស្រលាញ់ឋ ជូនដល់អង្គពិធីដោយលោកបានគូសបញ្ជាក់ថា ទិវានៃក្តីស្រលាញ់ ឬបុណ្យនៃក្តីស្រលាញ់នេះ មិនមែនជាវប្បធម៌ខ្មែរយើងទេ ប៉ុន្តែយើងជាពលរដ្ឋខ្មែរ យើងជាយុវជនខ្មែរ ត្រូវប្រកាន់ភ្ជាប់នូវក្តីស្រលាញ់ជាប់ជានិច្ចនៅក្នុងខ្លួនយើង ដោយលោកបានលើកឡើងថា ការស្រលាញ់មិនមែនមានតែសេ្នហានោះទេ គឺតាមការយល់ឃើញរបស់លោកមាន ៥យ៉ាងនៃការស្រលាញ់
ទី១.ការស្រលាញ់ខ្លួនឯង គឺត្រូវចេះថែរក្សាសុខភាពអនាម័យផ្ទាល់ខ្លួន ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ រៀបចំលក្ខណៈអត្តចរិកប្រកបដោយភាពថ្លៃថ្នូរ ជាប្រយោជន៍សម្រាប់សង្គមជាតិ ជៀសផុតពីអំពើអប្បាយមុខ សុរា ល្បែង គ្រឿងញៀន។ល។
ទី២.ការស្រលាញ់គ្រួសារ គឺយើងត្រូវស្រលាញ់ឱពុក ម្តាយ ជីដូនជីតា បងប្អូន ការស្រលាញ់គ្រួសារគឺជាការកសាងសុភម្គលក្នុងគ្រួសារ
ទី ៣.ការស្រលាញ់អ្នកនៅជុំវិញខ្លួន អ្នកមានគុណបំណាច់ និងសហគមន៍
ទី៤. ការស្រលាញ់ជាតិ យុវជនត្រូវមានស្មារតីស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានលះបង់ជីវិតឱ្យតែជាតិបានរស់គង់វង្ស
និងទី ៥.គឺការស្រលាញ់ដៃគូប្រចាំជីវិត មានន័យថាការមានដៃគូក្នុងជីវិត វាជាធម្មជាតិគ្មានអ្នកណាជៀសរួចទេ តែត្រូវស្វែងរកដៃគូដែលស័ក្ដិសម ចេះយល់ចិត្តគ្នា ស្មោះត្រង់គ្នា អាចរស់នៅជាមួយគ្នាអស់មួយជីវិត បើត្រូវគ្នាចិត្តនិងចិត្តរួចហើយត្រូវប្រាប់ទៅឱពុក ម្តាយ ឬអាណាព្យាបាល ចូលស្តីដណ្តឹងតាមប្រពៃណី ដោយលោកបានមានប្រសាសន៏សង្កត់ធ្ងន់ថា វប្បធម៌ណាដែលសមស្រប មិនផ្តល់កិត្តិយស សេចក្តីថ្លៃថ្នូរ ដល់ប្រពៃណីខ្មែរ្ វប្បធម៌ខ្មែរ សូម យុវជនកុំទទួលយក។

លោកបានបន្ថែមថា យុវជនស្រុកបាកានត្រូវខិតខំកសាងអ្វីៗសម្រាប់ស្រុករបស់យើង ដោយមិនត្រូវជួលពីស្រុកក្រៅមកទេ យើងត្រូវរៀនពីចំនុចចាប់ផ្តើមទៅ ។

ក្នុងពិធីនោះផងដែរ ក៏មានការសម្តែងរឿងខ្លីអប់រំ របាំប្រពៃណី ការប្រលងចម្រៀង និងការថតរូបអនុស្សាវរីយ៍ផងដែរ ក្រោមបរិយាកាសរីករាយ ប្រកបដោយការអប់រំ ៕