Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ផ្តល់អាកុល ៤០កាន និងម៉ាស២ម៉ឺន ជូនកងទ័ពឈរជើងតាមព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

11-12-2020 15:54

(ភ្នំពេញ)៖ អាកុលចំនួន ៤០កាន និងម៉ាសចំនួន ២ម៉ឺន ត្រូវបានអភិបាលរាជធានីភ្នំពេញ ផ្តល់ជូនកងទ័ពដែលឈរជើងតាមព្រំដែន ជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជម្ងឺកូវិដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរាលដាលចូលដល់សហគមន៍ហើយនោះ។

ពិធីផ្តល់នេះ បានធ្វើឡើងនាសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។

ចំពោះអាកុល និងម៉ាសទាំងនេះត្រូវបានប្រគល់ជូនអង្គភាពរួមមាន៖

*កងពលធំអន្តរាគមន៍លេខ៣ អាកុលចំនួន១៤កាន និងម៉ាសចំនួន៦០០០ម៉ាស
*កងពលតូចអន្តរាគមន៍លេខ៩ អាកុលចំនួន១០កាន ម៉ាសចំនួន៥០០០ម៉ាស់
*កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន១០កាន ម៉ាស៥០០០ម៉ាស
*បញ្ជាការដ្ឋានអង្គរក្សប្រចាំការព្រះវិហារចំនួន៣កាន និងម៉ាស២០០០ម៉ាស
*វរៈនគរបាលការពារព្រំដែន ៧៩៣ចំនួន ៣កាន និងម៉ាស២០០០ម៉ាស។ សរុបទាំងអស់អាកុលចំនួន ៤០កាន និងម៉ាសចំនួន២ម៉ឺនម៉ាស។

លោកឧត្តមសេនីយ៍ទោ ឌឹម បូណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង ដែលតែងតែគិតគូរចំពោះកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយកមន្លងមកតែង ផ្តល់នូវគ្រឿងឧបភោគ បរិភោគ ថវិការហូតមក ដើម្បីលើកទឹកចិត្តកងទ័ពអោយកាន់តែអង់អាចក្លាហានឡើង៕