(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានផ្តល់ពូជមាន់ និងពូជត្រី ដល់ពលរដ្ឋដែលត្រលប់មកពីធ្វើការនៅប្រទេសថៃ ចំនួន៤៥គ្រួសារ នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ រងគ្រោះដោយវិបត្តិកូវីដ-១៩ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលជំនាញជំនាញ និងបង្កើនមុខរបរខ្នាតតូច ក្រោមការផ្តល់ជាថវិកា និងសម្ភារតាមរយៈអង្គការ អាយ អូ អឹម (IOM) ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល។ ការផ្តល់ពូជមាន់ និងពូជត្រី បានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
ក្នុងការចូលរួមពិនិត្យមើលជាក់ស្តែងពីការអនុវត្តគម្រោងរបស់អង្គការ អាយ អូ អឹម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្តដល់ពលរដ្ឋ ដែលបានទទួលការបណ្តុះបណ្តាល និងទទួលបានជាពូជមាន់ និងត្រី ត្រូវខិតខំចូលរួមអនុវត្ត ក៏ដូចជាបង្កើននូវការចិញ្ចឹមឲ្យបានល្អ ដើម្បីបានដើមទុនបន្ថែមសម្រាប់ពង្រីកមុខរបរ និងការចិញ្ចឹម ឲ្យកាន់តែធំជាងមុន។
ជាមួយគ្នានោះលោក បានបន្ថែមថា តាមរយៈការអនុវត្តគម្រោងនេះ គឺជាមោទនភាពសម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងចំណោម៣ខេត្ត (បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប) ដែលស្រុកព្រះនេត្រព្រះ ពិសេសឃុំភ្នំលៀប ត្រូវបានជ្រើសរើសជាឃុំគំរូ សម្រាប់អនុវត្តគម្រោងនៅជំហានដំបូង ក្រោមការឧបត្ថម្ភជាថវិកា និងសម្ភារ ពីអង្គការអាយ អូ អឹម។
លោក អែម ណុយ មេឃុំភ្នំលៀប បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋទាំងនោះ មានចំនួន២៩គ្រួសារ ចិញ្ចឹមមាន់ ដោយទទួលបានកូនមាន់សម្រាប់ចិញ្ចឹម ក្នុងមួយគ្រួសារ ១០០ក្បាល។ ចំណែក ១២គ្រួសារ ចិញ្ចឹមត្រីអណ្តែង ក្នុងមួយគ្រួសារ ១៣០០ក្បាល និង៤គ្រួសារទៀត លក់ដូរអីវ៉ាន់ខ្នាតតូច។
លោកថ្លែងថា ទាំងអស់នេះជាគម្រោងចំណាយរបស់អង្គការ អាយ អូ អឹម ដែលបានផ្តល់ថវិកាដល់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយជីវភាពគ្រួសារ របស់ពលរដ្ឋជួបបញ្ហាលំបាក ក្នុងអំឡុងពេលមានវិបត្តិដោយសារជំងឺកូវីដ១៩៕