(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យគម្រោងជួសជុលឡើងវិញ ផ្លូវក្រាលកៅស៊ូAC ចំនួន៣ខ្សែក្នុងក្រុងកំពង់ចាម។ ផ្លូវទាំង៣ខ្សែនេះ មានប្រវែងជិត ៣,០០០ម៉ែត្រ។
លោក ណន សុខនី នាយកអង្គភាពលទ្ធកម្ម នៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវដែលត្រូវស្ថាបនាឡើងវិញមានចំនួន ៣ខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២០។
ផ្លូវទាំង៣ខ្សែនោះ រួមមាន៖
* ខ្សែទី១ (ផ្លូវលេខ៧ ចាស់) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
* ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិទីបឹងស្នាយសង្កាត់សំបួរមាសដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម។
* ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦សង្កាត់វាលវង់ ក្រុងកំពង់ចាម ៕