(ភ្នំពេញ)៖ ជនបរទេសម្នាក់បានផ្ញើបំណែកថ្មប្រាសាទមួយដុំពីចក្រភពអង់គ្លេស ដើម្បីប្រគល់មកឱ្យកម្ពុជាដែលជាម្ចាស់ដើមវិញ ក្រោយរូបគេបានយកចេញពីប្រាសាទបាយ័ន កាលពីឆ្នាំ២០០៦ កន្លងទៅ, នេះបើតាមការដឹងរបស់មន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំបូងឡើយ ជនបរទេសរូបនេះបានផ្ញើបំណែកថ្មប្រាសាទមួយដុំ ជាមួយ នឹងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន តាមរយៈក្រុមហ៊ុន DHL ពីចក្រភពអង់គ្លេស។
ក្រោយបំណែករតនវត្ថុនេះត្រូវបាននាំមកដល់ប្រទេសកម្ពុជា ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយលោក ជុក ជំនោរ ក៏បានទៅទទួលយកមក និងបានប្រគល់បន្តជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានសារៈមន្ទីរ។
តាមការវាយតម្លៃបឋមរបស់អ្នកជំនាញរបស់នាយកដ្ឋានសារៈមន្ទីរ បំណែកថ្មនេះអាចជាចំណែកថ្មនៃសសរពេជ្រនៃប្រាសាទបាយ័ន។ ក្រុមការងារជំនាញនឹងបន្តការវិភាគ និងចុះបញ្ជីនៅនាយកដ្ឋានសារៈមន្ទីរ ឬបញ្ជូនបន្តទៅអាជ្ញាធរជាតិអប្សរាដើម្បីចាត់ចែងបន្ត។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យមានការប្រគល់វត្ថុបុរាណដែលបានយកចេញពីកម្ពុជា នាពេលកន្លងមក ហើយក្រសួងទេសចរណ៍នឹងសម្របសម្រួលដំណើការ និងនីតិវិធីជាមួយក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ៕