Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាសេដ្ឋីម៉ាឡេស៊ី បរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ (Video inside)

11-12-2020 15:02

(ភ្នំពេញ)៖ លោក Tan Sri Dato' Dr Cheng Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី បានបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

តបនឹងការបរិច្ចាគនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក Tan Sri Dato' Dr Cheng Lip Keong ។ សម្តេចតេជោ បានគូសបញ្ជាក់ក្នុងលិខិតថ្លែងអំណរគុណនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា វិភាគទានរបស់លោក Tan Sri Dato' Dr Cheng Lip Keong ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនឹងត្រូវបានចងចាំទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន, ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ ថ្នាក់ដឹកនាំស្ថាប័នជាតិ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ថវិការបស់សប្បុរសជនមានជាង ៤០លានដុល្លារអាមេរិកហើយ៕