(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប និងលោកជំទាវ ដែលបានបរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ទុកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកឧកញ៉ា ហេង សិទ្ធី។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នៅក្នុងកាលៈទេសៈដែលគ្រោះភ័យនៃជំងឺកូវីដ១៩ កំពុងញាំញីសុខភាព និងគំរាមអាយុជីវិតរបស់ប្រជាជនកម្ពុជា វិភាគទានរបស់លោកឧកញ៉ា និងលោកជំទាវ ជាទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក សម្រាប់ជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ពិតជាមានតម្លៃពុំអាចកាត់ថ្លៃបាន។
ខ្ញុំសូមកោតសរសេរយ៉ាងស្មោះចំពោះស្មារតីស្នេហាជាតិ និងប្រជាជនកម្ពុជា របស់លោកឧកញ៉ា និងជំទាវ។ សូមលោកឧកញ៉ា និងជំទាវ ព្រមទាំងក្រុមគ្រួសារ សហការី និងអតិថិជនទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕