(ភ្នំពេញ)៖ ជាមួយនឹងឆន្ទៈ ស្មារតី និងការចូលរួមយ៉ាងមុះមុតជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកថវិកាវិភាគទានរបស់សមាជិក សមាជិកា និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគតាមរយៈ ស.ស.យ.ក. សរុបចំនួន១២៥,០០០ដុល្លារ ប្រគល់ជូនរាជរដ្ឋាភិបាល តាមរយៈលោក សេង ទៀង នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
ថវិកាវិភាគទាននេះដែរ គឺជាការគាំទ្រ និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីប្រើប្រាស់សម្រាប់ការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមជម្រាបជូនដែរថា ទន្ទឹមនឹងការចូលរួមបរិច្ចាគជាថវិកា សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការបន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលយុទ្ធនាការនេះ ទទួលបានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. រាជធានី-ខេត្ត ទាំង២៥។ នេះបើយោងតាមការបង្ហោះជាបន្តបន្ទាប់លើទំព័រហ្វេសប៊ុក ផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
គួររំលឹកផងដែរថា អំឡុងពេលដើមខែធ្នូ ថ្មីៗកន្លងទៅនេះ តាមរយៈមូលនិធិ ស.ស.យ.ក ក៏ដូចជាតាមរយៈការចូលរួមឧបត្ថម្ភពីបណ្តាសប្បុរសជន និងដៃគូរសហការនានា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឧបត្ថម្ភសម្ភារចាំបាច់រួមមាន៖ ម៉ាស់ចំនួន ៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និងបដាអប់រំផ្សព្វផ្សាយចំនួន ៣០០០បដា ដើម្បីអោយសមាជិក សមាជិកាខ្លួន បន្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ទូទាំងប្រទេស៕