(សៀមរាប)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើការឃាត់រថយន្តសង្ស័យ១គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ និងរកឃើញបទល្មើសដឹកជញ្ជូន អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត នៅចំណុចលើដងផ្លូវ ក្នុងភូមិគោកចាន់ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្តីអំពីការបង្កើនសកម្មល្បាត ក្នុងមូលដ្ឋាន និងដោយមានការណែនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច។
លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បន្ទាប់ពីធ្វើការត្រួតពិនិត្យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុងរថយន្តចំនួន២នាក់ រួមមាន ទី១៖ ឈ្មោះ កែវ ឧត្ដម ហៅធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទី២៖ ឈ្មោះ ទុយ វុទ្ធី ហៅចៀន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
វត្ថុតាងដកហូតបាន៖ រថយន្តម៉ាក REVO ពណ៌សស៊េរីឆ្នាំ២០១៦ ចំនួន១គ្រឿង និងឈើប្រភេទផ្ចឹក ចំនួន២.៩២ម៉ែត្រគីប បន្ទាប់ធ្វើការឃាត់ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាល ស្រុកប្រាសាទបាគង ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕