ឥទ្ធិពលគ្រឿងស្រវឹង! បុរសវ័យចំណាស់ម្នាក់ដេញកាប់ប្រពន្ធផ្អើលអស់អ្នកភូមិ មិនអស់ចិត្តដុតផ្ទះខ្លួនឯងចោលទៀត
11-12-2020 12:33
(បន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ជាញឹកញាប់ឱ្យតែមានស្រាចូលខ្លួនហើយ កំហឹងចាប់ផ្តើមផ្ទុះឡើងពេញខ្លួន ថែមទាំងកាចសាហាវខុសរឿង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រោយឥទ្ធិពលគ្រឿងស្រវឹងចូលខ្លួន បានដេញកាប់ប្រពន្ធ វាយបំផ្លាញព្រទ្យសម្បត្តិក្នុងផ្ទះ មិនអស់ចិត្តដុតផ្ទះចោលតែម្តង ក៏ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា តាមបណ្តឹងរបស់ប្រពន្ធឈ្មោះ ព្រឹម បួត ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិឃុំខាងលើ បានប្តឹងប្តី ឈ្មោះ វ៉ាន វ៉ោន ភេទប្រុស អាយុ៥០ឆ្នាំ ក្នុងករណីមកពីដើរផឹកស្រាស្រវឹងហើយបង្ករករឿងក្នុងគ្រួសារ និងបានឈ្លោះប្រកែកគ្នារហូតឈានដល់ ទាញកាំបិតខ្វែវដេញកាប់ប្រពន្ធតែគាត់រត់គេចផុត មិនអស់ចិត្តបានវាយបំបែកពាងទឹក វាយចាន ឆ្នាំង និងដុតផ្ទះបាយ និងផ្ទះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមានខោអាវ ចាន ឆ្នាំង ធុងចម្រោះទឹក និងសំភារៈមួយចំនួនទៀតឆេះខ្ទេច ហើយថែមទាំងប្រច័ណ្ឌខ្លាំងទៀតផង។
លោកវរសេនីយ៍ឯក យ៉ត សុផល បានបន្តថា ក្រោយទទួលបានបណ្ដឹង កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ប៉ោយចារ បានចុះបង្រ្កាបបានជនសង្ស័យភ្លាមៗរួចបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថាខ្លួនពិតជា បានដេញកាប់ប្រពន្ធ និងដុតផ្ទះចោលមែន។
ដោយផ្អែកលើចម្លើយសារភាព និងបណ្តឹង នគរបាលជំនាញព្រហ្មទណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនបង្ករ ទៅស្នងការដ្ឋាននគរបាលខេត្ត និងរៀចចំឯកសារ ទៅតុលាការ ដើម្បីចាត់ការបន្ត៕