(ភ្នំពេញ)៖ កុមារកំព្រា និងកុមាក្រីក្រ ប្រមាណជាង១០០នាក់ ក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ របស់តារាសម្តែងជើងចាស់ លោកតា Fuso និងកុមារក្រីក្រក្នុងសហគមន៍ នាឱកាសថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបានទទួលការយកចិត្តទុកដាក់ ចែករំលែកក្តីស្រឡាញ់ តាមរយៈការបរិភោគអាហារ និងការលេងល្បែងកម្សាន្ត ពីក្រុមយុវជននានា មកពីបណ្តាក្រុមហ៊ុនឯកជន និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងយុវជនស្ម័គ្រចិត្តប្រមានជាង១៥០នាក់។

កញ្ញា នុត រត្ថា នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន រំដួល Media ដែលអ្នកផ្តួចផ្តើមរៀបចំកម្មវិធីសប្បុរសធម៌បានឲ្យដឹងថា កម្មវិធីរៀបចំនេះឡើង ដើម្បីចង់ចែករំលែកនូវ សេចក្តីស្រឡាញ់របស់យុវជនយើង ទៅកាន់កុមារក្រីក្រ កុមារកំព្រា នៅថ្ងៃទិវានៃសេចក្តីសំឡាញ់ ដោយយុវជនអាចញុំាអាហារជួបជុំគ្នា និងលេងល្បែងសប្បាយរីករាយជាមួយគ្នា និងជាមួយកុមារក្រីក្រផងដែរ។ លើសពីនេះ ក៏ចង់ឲ្យយុវជនរបស់យើងដឹងថា ទិវានៃក្តីស្រឡាញ់នេះ មិនមែនជាបុណ្យសង្សារ ដែលត្រូវតែអ្វីជាមួយគូស្នេហ៍ ឬស្នេហានោះទេ គឺយុវវ័យ អាចយកទិវានេះ អាចចែករំលែកនៃសេចក្តីស្រឡាញ់​របស់ពួកគេទៅកាន់គ្រួសារ ឪពុកម្តាយ មិត្តភក្តិ ជាពិសេសទៅកាន់អ្នកដែលខ្វះនូវក្តីស្រឡាញ់ ដូចជាក្មេងក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រជាដើម។

កញ្ញា នុត រត្ថា បានបញ្ជាក់នេះ ជាលើកទី១ ដែលក្រុមហ៊ុ រំដួល Media រៀបចំកម្មវិធីញុំា អាហារជួបជុំគ្នានេះ ឡើង ប៉ុន្តែរំដួលបានចួលរួមក្នុងសកម្មភាព ជួយដល់ចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ជាច្រើនឡើងច្រើនសារមកហើយ។ នៅពេលខាងមុខ ក្រុមហ៊ុន ក៏នឹងរៀបចំការងារជួយសង្គមឲ្យច្រើនថែមទៀត ពិសេសគឺជំរុញចង់ឲ្យមិត្តយុវវ័យចូលរួមបានច្រើន ក្នុងការងារសង្គម។
កម្មវិធីសប្បុរសធម៌នេះ ក៏មានការចូលរួមសហការពីក្រុមហ៊ុនដឹកជញ្ជូនជូនអ្នក ក្រុមសិល្បៈយុវជនកម្ពុជា ក្រុមម៉ូតូធំជាដើម។

លោកតា Fuso ប្រធានសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ បានថ្លែងអំណរគុណចំពោះសប្បុរសធម៌ ដែលបានយកចិត្តទុកដាក់ដល់កម្ពុជាក្រីក្ររបស់សមាគម និងដូចជាកុមារសហមន៍នៅជិតសមាគមផងដែរ ដោយពួកគេបានទទួលការសប្បាយរីករាយ ការទទួលអាហារភេសជ្ជៈក្នុងឱកាសដែលពិភពលោកកំពុងតែប្រារព្ធទិវានៃក្តីស្រឡាញ់។

លោកតា Fuso បានបញ្ជាក់ថា បច្ចុប្បន្នសមាគមរបស់លោកកំពុងទទួលក្មេងកំព្រារ ក្មេងក្រីក្រ ពីបណ្តាលខេត្តចំនួន២៤នាក់ ដើម្បីចិញ្ចឹម និងបង្ហាត់បង្រៀននូវជំនាញសិល្បៈជូនពួកគេ ឲ្យពួកគេមានចំណេះជំនាញក្នុងជីវិត មានអនាគតល្អ។ ចំពោះការផ្គត់ផ្គង់ និងការស្នាក់នៅនេះ លោកតា Fuso បានទទួលថវិកាពីការចេញសម្តែងរបស់ក្រុមសិល្បៈកុមារ និងផ្នែកទៀតបានពីជំនួយសប្បុរសធម៌៕