(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា ខេត្តប៉ៃលិន ប្រមាណ៤៥០នាក់ ទទួលបានការផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ អាណត្តិទី៥ ក្រោមអធិបតីភាព លោក អ៊ី ឈាន ប្រធានក្រុមការងារ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាប្រមាណ ៤៥០នាក់ ។
អង្គពិធីបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ៣៖ ១.ខ្លឹមសារជំនួយស្មារតី ក្នុងពេលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩, ២.ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ និង៣.ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ ។
លោក អ៊ី ឈាន ប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តប៉ៃលិន បានថ្លែង គូសបញ្ជាក់ក្នុងអង្គពិធី លើខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៦ កន្លងទៅ ដោយអង្គសន្និបាតបានពិនិត្យ វាយតម្លៃសេចក្តីសម្រេចសន្និបាតលើកទី៣៨ និងគាំទ្រនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល ដែលសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «មានសម្តេច មានគណបក្សប្រជាជន ទើបមានការអភិវឌ្ឍន៍គ្រប់វិស័យ»។
លោក បន្តថា អង្គសន្និបាតក៏បានពិនិត្យវាយតម្លៃ អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបានដាក់ទិសដៅដើម្បីឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០១៧-២០១៨ ទទួលបានជោគជ័យបន្តទៀត ។
លោកថ្លែងទៀតថា ដើម្បីលើកស្ទួយសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានលុបចោលការធ្វើប័ណ្ណបើកបរម៉ូតូក្រោម ១២៥CC, លុបចោលការយកលុយ ពីប្រជាពលរដ្ឋឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវវេងស្រេង, បន្ថយថ្លៃសេវាធ្វើប័ណ្ណបើកបរ ស្លាកលេខ ឆៀក និងប័ណ្ណអាជីវកម្ម ពី៤០ទៅ៥០ភាគរយ, ព្យួរការបង់ពន្ធផ្ទេរសិទ្ធដីធ្លីឲ្យកូនចៅ-ប្រពន្ធប្តី និងបញ្ចុះថ្លៃអគ្គិសនី។
ជាមួយគ្នានោះ លោក ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ថ្វីត្បិតតែករណីគ្រោះថ្នាក់មានការថយចុះ ប៉ុន្តែអត្រាមនុស្សស្លាប់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ។
លោកបានសង្កត់ធ្ងន់ថា ដើម្បីឲ្យទទួលបានការគាំទ្រ និងទុកចិត្តពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវធ្វើអំពើល្អ និងលុបបំបាត់ភាពអសកម្ម។
ក្នុងឱកាសនោះដែរ លោក អ៊ី ឈាន បានជូនថវិកាដល់គណៈកម្មាធិការគណបក្សឃុំ សង្កាត់ចំនួន ៤៨នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល, ប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិចំនួន២៤០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ផងដែរ ៕