(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា បាននាំយកនូវដំណឹងដ៏រីករាយបំផុតមួយ ទៅជម្រាបជូនប្រជាពលរដ្ឋថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកុំម្មង់ទិញវ៉ាក់សាំងការពារមេរោកកូវីដ-១៩ ជាជំហានដំបូងចំនួន១លានដូស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារចំនួន២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ព្រឹកថ្ងៃទី១១ ខែធ្នូនេះ ប្រធានអនុសាខាកាក បាទក្រហមកម្ពុជា លោក ថេង សុថុល បានបន្ថែមឲ្យដឹងថា នេះពិតជាមហាសំណាងបំផុតរបស់ប្រទេសកម្ពុជា ដែលមានមេដឹកនាំប្រទេសដ៏វៀងវៃ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅជាប់ជាមួយប្រជាពលរដ្ឋមិនថាប្រទេសជាតិ ស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។
លោកអភិបាលខណ្ឌ បានលើកឡើងថា ស្របពេលដែលកម្ពុជា កំពុងប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែបានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន១លានដូស។
បើទោះជាមានការបញ្ជាទិញវ៉ាក់សាំងពីសំណាក់រាជរដ្ឋាភិបាលយ៉ាងនេះក្តី លោក ថេង សុថុល បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថាជំងឺដ៏កាចសាហាវនេះ បាននិងកំពុងរាតត្បាតយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ជាពិសេសក្នុងរាជធានីភ្នំពេញនៅឡើយ ទាមទាឲ្យយើងគ្រប់គ្នា ការពារខ្លួនជាប់ជានិច្ច តាមរយៈអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល គឺ ពាក់ម៉ាស់ លាងដៃនិងសាប៊ូ អាល់កុល ឬជេល និងរក្សាគម្លាតសង្គមផងដែរ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបម្រុងទិញក្នុងជំហានដំបូង នូវថ្នាំ វ៉ាក់សាំងកូវីដ១៩ ចំនួនមួយលានដូស ដែលអាចចាក់ការពារលើមនុស្ស បានចំនួន៥០ម៉ឺននាក់ និងបន្តការរក មធ្យោបាយទិញបន្ថែម និងការអំពាវនាវផ្តល់ជំនួយពីប្រទេសជាមិត្តដើម្បីធ្វើយ៉ាងណា ឲ្យកម្ពុជាទទួលបានការ ចាក់វ៉ាក់សាំងបង្កាលើពលរដ្ឋខ្មែរ យ៉ាងហោចដល់ចំនួន១០លាននាក់ ក្នុងចំណោម១៦លាននាក់ទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅទីនោះរួមមាន៖ ក្នុង១គ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស់ អាកុល ទឹកដោះគោ មី និងថវិកាមួយចំនួនទៀតផង៕