(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានចាត់តាំងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ១៥រូប ឱ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង អភិបាលរងក្រុង អភិបាលស្រុក និងអភិបាលរងស្រុក តាមតំបន់នៃប្រទេសឥណ្ឌូនេស៉ី ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា សកម្មភាពចូលរួមសង្កេតការណ៍របស់ គ.ជ.ប កម្ពុជា ធ្វើឡើងតបតាមលិខិតអញ្ជើញជាផ្លូវការរបស់ប្រធាន គ.ជ.ប ឥណ្ឌូនេស៉ី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ក្នុងរយៈពេល ២ថ្ងៃ នៃការសង្កេតការណ៍ពីទីស្តីការ គ.ជ.ប កម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍ យល់ឃើញថា ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាឱកាសនៃការសង្កេតមើល និងស្វែងយល់អំពីការអនុវត្តល្អៗក្នុងការបោះឆ្នោតក្នុងសម័យកូវីដ-១៩ និងការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍។
លោកបានបន្តថា គ.ជ.ប ឥណ្ឌូនេស៉ី បានប្រើប្រាស់កម្មវិធីមួយដែលគេឱ្យឈ្មោះថា «SIREKAP» សម្រាប់ធ្វើការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតបានឆាប់រហ័ស។ ប្រទេសឥណ្ឌូនេស៉ី គឺជាប្រទេសមួយដែលបានរៀបចំការសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញមុនគេក្នុងតំបន់អាស៊ាន។
ការបោះឆ្នោតក្នុងបរិបទនៃជំងឺកូវីដ-១៩ បានធ្វើឱ្យ គ.ជ.ប ឥណ្ឌូនេស៉ី យកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានការការពារ និងទប់ស្កាត់ការរាតត្បាត តាមរយៈការលាងសម្អាតដៃ ការរក្សាគម្លាតសង្គម ការពាក់ម៉ាស ការរៀបចំបន្ទប់សម្ងាត់ពិសេស សម្រាប់អ្នកបោះឆ្នោតដែលមានសីតុណ្ហភាព ៣៧.៣oC និងការបន្តក់ទឹកខ្មៅលុបមិនជ្រះលើម្រាមកូនដៃ ជាដើម។
លោក ម៉ុក ដារ៉ា បានលើកឡើងនូវតួលេខសំខាន់ៗមួយចំនួនទាក់ទងនឹងការបោះឆ្នោតនេះ មានដូចខាងក្រោម៖
* អាសនៈអភិបាលខេត្ត ក្រុង ស្រុក ដែលត្រូវជ្រើសរើសមានចំនួន ២៧០ អាសនៈ
* អ្នកបោះឆ្នោតមានចំនួន ១00.៣៥៩.១៥២ នាក់
* មន្ត្រីការិយាល័យបោះឆ្នោតមានចំនួន ២.០៩២.៥៦៦ នាក់
* បេក្ខជនឈរឈ្មោះមានចំនួន ៧៣៩ នាក់
* ការិយាល័យបោះឆ្នោតមានចំនួន ២៩៨.៩៣៨ ការិយាល័យ។
សូមជម្រាបជូនថា នេះគឺជាលើកទី២ ហើយ ដែល គ.ជ.ប កម្ពុជាបានចូលរួមសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ បន្ទាប់ពីចូលរួមសង្កេតការណ៍បោះឆ្នោតនៅរដ្ឋប៊ីហានៃប្រទេសឥណ្ឌា។ កម្មវិធីសង្កេតការណ៍អន្តរជាតិតាមប្រព័ន្ធអនឡាញនេះ ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសជាសមាជិកសមាគមនៃស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក (A-WEB) និង អង្គការមូលនិធិអន្តរជាតិដើម្បីប្រព័ន្ធបោះឆ្នោត (IFES) ផងដែរ៕