អគ្គលេខាធិការអង្គការសម្ព័ន្ធឥស្លាមពិភពលោក កោតសរសើរចំពោះការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន
14-02-2016 15:27
(អារ៉ាប៊ីសាអូឌីត)៖ លោក អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានចូលជួបសំដែងការគួរសម ពិភាក្សាការងារវាង លោក Abdullah At-Turki អគ្គលេខាធិការអង្គការសម្ព័ន្ធឥស្លាមពិភពលោក (MWL) ដែលបង្កើតឡើងនៅឆ្នាំ១៩៦២ ជាអង្គការឥស្លាមដ៏ធំមួយដែលមានអង្គការ-សមាគមអន្តរជាតិចំនួន២១ នៅក្រោមចំណុះ មានទីតាំងនៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត។
បើតាមការឲ្យដឹងពីលោក អូស្មាន់ ហាស្សាន់ ក្នុងជំនួបនោះ លោកអគ្គលេខាធិការ បានស្នើ និងទទួលយក ហើយសន្យាបន្តពង្រឹងទំនាក់ទំនង រវាងអង្គការសម្ព័ន្ធឥស្លាមពិភពលោក ជាមួយក្រកម្ពុជា កសាង វិហារ សាលារៀន ចូលរួមកម្មវិធីស្រាយបួយ ឧបត្ថម្ភការបំពេញកាតព្វកិច្ចបុណ្យហាជ្ជី អប់រំ សិក្ខាសាលា ផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិត បោះពុម្ពគម្ពីរអាល់គួរអានជាដើម។
លើសពីនេះ លោកអគ្គលេខាធិការ បានកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយក្តីគោរពស្រលាញ់ ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា៕