(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដំណាំស្រូវជិត៦ម៉ឺនហិកតា ដែលត្រូវរងប៉ះពាល់ដោយទឹកជំនន់ នាពេលកន្លងមកត្រូវបានស្ដារឡើងវិញ។
តាមរបាយការណ៍របស់រដ្ឋមន្ដ្រី វេង សាខុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី១១ ខែធ្នូនេះ បានឲ្យដឹងថា វឌ្ឍនភាព នៃការស្តារដំណាំស្រូវ រដូវវស្សា និងដើមរដូវប្រាំងឆ្នាំ២០២០ ដែលបានទទួលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង និងទន្លេមេគង្គ៖
១៖ វិធានការរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលទឹកជំនន់ បន្ទាប់ពីកម្ពុជា បានជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបានបង្កឲ្យមានផល់ប៉ះពាល់ និងខូចខាតដល់ផលិតកម្ម ដំណាំស្រូវ ដំណាំសាកវប្បកម្ម ដំណាំកសិ-ឧស្សាហកម្ម និងសត្វពាហនៈ នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្ត ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ធំ។
ប្រឈមមុខនឹងគ្រោះមហន្តរាយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាឲ្យគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងជាពិសេស គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកងកម្លាំងប្រដាប់អាវុធ រួមជាមួយអាជ្ញាធរមូលដ្ឋាន ឲ្យចុះធ្វើអន្តរាគមន៍ ជាបន្ទាន់ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន ដោយផ្តល់ស្បៀងសង្គ្រោះបន្ទាន់ និងរៀបចំគម្រោងស្តារផលិតកម្មដំណាំស្រូវ ជូនប្រជាពលរដ្ឋឡើងវិញ តាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងឲ្យទាន់ពេលវេលា។
បន្ទាប់ពីប្រជាជនទទួលបាន ជំនួយសង្គ្រោះបន្ទាន់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសប្បុរសជនដ៏ទៃទៀត ការងារស្តារការដាំដុះដំណាំ ក៏ត្រូវបានចាត់ចែងជាបន្ទាន់ផងដែរ ទាំងការប្រមូលទិន្នន័យ នៃផ្ទៃដីដំណាំស្រូវដែលបានប៉ះពាល់ ការខូចខាត និងផ្ទៃដីដែលអាចមានលទ្ធភាពស្តារឡើងវិញបាន។
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីសំណាក់សម្តេចតេជោ គឺអ្វីៗបានប្រព្រឹត្តទៅយ៉ាងរលូន ទាំងការកំណត់ទីតាំងនិងផ្ទៃដី ដែលត្រូវធ្វើការស្តារឡើងវិញ ការកំណត់ សេចក្តីតម្រូវការពូជ ទីតាំងឃ្លាំងស្តុកគ្រាប់ពូជស្រូវដែលត្រូវប្រមូល និងការដឹកជញ្ជូនពូជស្រូវទៅកាន់គោលដៅ ហើយនឹងការបែងចែក ជូនដល់កសិកររងគ្រោះ ឲ្យបានទាន់ពេលវេលា ក្នុងបរិមាណស្រូវពូជចំនួន ៦,៤៣៤.៣០តោន ចែកជូនដល់គ្រួសារប្រជាកសិករ ដែលទទួលរងគ្រោះ ចំនួន៦៤,៣៤៣គ្រួសារ ត្រូវការស្តារដំណាំស្រូវឡើងវិញជាបន្ទាន់ ដែលបានប្រើប្រាស់ពេលវេលាមិនដល់ពីរសប្តាហ៍។
២៖ ផលប៉ពាល់ និងខូចខាតទៅលើដំណាំស្រូវរដូវវស្សា ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ចុងរដូវវស្សាឆ្នាំ២០២០៖
* បានប៉ះពាល់ដំណាំស្រូវ ចំនួន១៩ រាជធានី/ខេត្ត
* ផ្ទៃដីដំណាំស្រូវដែលបានប៉ះពាល់ដោយទឹកជំនន់ ចំនួន៣០៤,៨២១ហិកតា ស្មើនឹង១០.៩២% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សា សម្រេចបាន (២,៧៩០,៨២៩ ហិកតា)
* ផ្ទៃដីដំណាំស្រូវដែលសង្គ្រោះបានចំនួន១៧៩,០៥១ហិកតា ស្មើនឹង៦.៤១% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន
* ផ្ទៃដីដំណាំស្រូវដែលបានខូចខាតទាំងស្រុងចំនួន១២៥,៧៧០ហិកតា ស្មើនឹង៤.៥% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន
* ផ្ទៃដីដំណាំស្រូវដែលមានលទ្ធភាពស្តារបាន ចំនួន៦៤,១៧៩ហិកតា
* មានខេត្តចំនួន៤ បានប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។
៣៖ លទ្ធផលនៃការស្តារដំណាំស្រូវ គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គឺមានចំនួន ៥៧,៥៥៧ហិកតា ស្មើនឹង៨៩.៦៨% នៃផែនការស្តារឡើងវិញ ចំនួន៦៤,១៧៩ហិកតា ដែលក្នុងនេះរួមមាន៖
* ខេត្តពោធិ៍សាត់សម្រេចបាន ១៧,៧៧១ហិកតា ស្មើនឹង៩៩.៨១% នៃផែនការស្តារឡើងវិញចំនួន១៧,៨០៤ហិកតា
* ខេត្តបាត់ដំបងសម្រេចបាន ១០,៥០០ហិកតា ស្មើនឹង១០០% នៃផែនការស្តារឡើងវិញចំនួន១០,៥០០ហិកតា
* ខេត្តបន្ទាយមានជ័យសម្រេចបាន ១៤,២០៦ហិកតា ស្មើនឹង៧១.១៤ហិកតា នៃផែនការស្តារឡើងវិញចំនួន១៩,៩៧០ហិកតា
* ខេត្តកំពង់ធំសម្រេចបាន ៨,១២២ហិកតា ស្មើនឹង៩៨.៤៤% នៃផែនការស្តារឡើងវិញចំនួន៨,២៥១ហិកតា។
ដោយឡែកខេត្តចំនួន១៥ទៀត ដែលទទួលរងការខូចខាតតិចតួច បានខិតខំស្តារសម្រេចបានពី៩៨ទៅជាង១០០% នៃផែនការរួចហើយដែរ លើកលែងតែខេត្តកណ្តាល សម្រេចបានត្រឹមតែ ៧០,១១% នៃផែនការស្តារឡើងវិញ។
លោករដ្ឋមន្ដ្រី វេង សាខុន បានបន្ថែមទៀតថា ការព្យាករណ៍ផលស្រូវរដូវវស្សា សម្រាប់ឆ្នាំ២០២០ បន្ទាប់ពីបានពិភាក្សា និងធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ខេត្ត នៅជំហានទី១មក ការប៉ាន់ស្មានជាបឋម នៃបរិមាណផលស្រូវរដូវវស្សាឆ្នាំ២០២០នេះ នឹងអាចទទួលបានលទ្ធផល ដូចខាងក្រោម៖
* ទិន្នផលស្រូវវស្សាជាមធ្យម ក្នុងឆ្នាំ២០២០ មានចំនួន ៣,១២២គីឡូក្រាម ក្នុងមួយហិកតា ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបានចំនួន ៣,០៩៥ គីឡូក្រាម ក្នុងហិកតា។
* បរិមាណផលស្រូវរដូវវស្សា អាចទទួលបានចំនួនប្រមាណ ៨,៥៩៦,៨៧៧តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបានចំនួន ៨,២៦៩,៤៨០តោន៕