(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចអនុញ្ញាតឱ្យអង្គការខុមហ្វ្រែល (COMFREL) ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការសម្រេចនេះធ្វើឡើងតបតាមសំណើរបស់អង្គការខុមហ្វ្រែល ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានស្នើដល់ គ.ជ.ប សុំបញ្ជីឈ្មោះបោះឆ្នោតដំបូង ឆ្នាំ២០២០ និងសុំកិច្ចសម្របសម្រួលជាមួយថ្នាក់ក្រោមជាតិ ដើម្បីធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០។

បើតាម គ.ជ.ប, កាលពីឆ្នាំមុន អង្គការខុមហ្វ្រែល បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ ហើយបានវាយតម្លៃថា បញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០១៩ មានភាពល្អប្រសើររហូតដល់ ៩៩.៧% ដោយបានរកឃើញឈ្មោះស្ទួន តែ ៤៤ ឈ្មោះប៉ុណ្ណោះ ហើយ គ.ជ.ប ក៏បានដោះស្រាយឈ្មោះស្ទួនទាំងនោះរួចរាល់ហើយទៅតាមករណីនីមួយៗ។

ចំពោះការធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នេះ អង្គការខុមហ្វ្រែល នឹងចាប់ផ្ដើមដំណើរការនៅចន្លោះ ខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។

គ.ជ.ប តែងតែសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ហើយនេះ គឺជាការបើកទូលាយប្រកបដោយតម្លាភាព ក្នុងការវាយតម្លៃទៅលើគុណភាព និងប្រសិទ្ធភាព នៃបញ្ជីបោះឆ្នោត ដើម្បីឱ្យបញ្ជីបោះឆ្នោតឆ្នាំ២០២០ កាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

ជាមួយគ្នានេះផងដែរ គ.ជ.ប បានស្នើសុំឱ្យតំណាងអង្គការខុមហ្វ្រែល និងមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការនានាស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។

សូមជម្រាបជូនថា បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវធ្វើការបិទផ្សាយនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕