(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យប្រើលេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ គ្រប់ប្រព័ន្ធទាំងអស់។
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែធ្នូនេះបានបញ្ជាក់ថា ដោយមានការត្អូញត្អែរពីអ្នកប្រើប្រាស់ អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទ ពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗ ដោយមិនបានដឹង ក្រសួងបានណែនាំ ដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឱ្យដំណើរការលេខកូដ*1200# ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្តាច់រាល់សេវាបន្ថែមដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ។
ក្រសួងសូមបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ៖
- សេវាទូរសព្ទចល័ត (Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអីុនធឺណិត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាដើម។
- សេវាឌីជីថល (Digital Service) សំដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកំសាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រសេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call Alert និង សេវា CallTune ជាដើម។
អ្នកប្រើប្រាស់ទូរសព្ទភាគច្រើន អាចមានជួបប្រទះបញ្ហាកាត់ទឹកប្រាក់ ដោយសារ «សេវាឌីជីថល»។
ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់គួរយល់ដឹងអំពី ទំហំកញ្ចប់សេវាកម្មដែលខ្លួនកំពុងប្រើ សុពលភាព និងសេវាបន្ថែមរបស់ក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់នៅពេលមានការភ្ជាប់គម្រោងទាំងនោះ។
សូមបញ្ជាក់ផងដែរថា មុនពេលបញ្ចូលទឹកប្រាក់ដើម្បីភ្ជាប់គម្រោង ឬ សេវាកម្មណាមួយ អ្នកប្រើប្រាស់គួរបិទអ៉ីនធឺណិតជាមុន ដើម្បីជៀសវាងការកាត់ទឹកប្រាក់ដោយសារការប្រើសេវាអ៉ីនធឺណិតជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកសេវាអតិថិជន របស់ក្រុមហ៊ុនទូរសព្ទ ដែលលោកអ្នកកំពុងប្រើប្រាស់ដូចជា ក្រុមហ៊ុនស្មាតតាមលេខ ៨៨៨ ក្រុមហ៊ុនមិត្តហ្វូនតាមលេខ ១៧៧៧ និងក្រុមហ៊ុនសែលកាតតាមលេខ ៨១២៕