(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា (Federation of Education Services in Cambodia) ដែលមានសមាជិកប្រមាណ ១០០សាលា-ក្រុមហ៊ុន បានលៃលកប្រមូលថវិកាចូលគ្នាបាន ៥០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
សាលារៀនខ្លះក៏បានចូលរួមថវិកាដោយឡែកៗតាមសាលារៀងៗខ្លួនផងដែរ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕