(ភ្នំពេញ)៖ បាំងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺមានរយៈពេលមួយឆ្នាំគត់ ដែលពិភពលោកបានទទួលរងវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារការរាតត្បាតនៃមេរោគកូវីដ១៩។ មេរោគកូវីដ១៩ បានបំផ្លាញខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ភាពរីកចម្រើន និងប្រក្រតីភាពនៃការរស់នៅរបស់មនុស្សលោក។

កម្ពុជា ដែនដីនៃតំបន់អាស៊ីអាគ្នេយ៍ ក៏មិនខុសពីពិភពលោកនោះដែរ។ ជំងឺកូវីដ១៩ បានធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍរបស់កម្ពុជា ដែលកំពុងបោះពួយ និងបង្កការលំបាកជាច្រើនដល់ផ្នែកសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

បើទោះបីជាស្ថានភាពលំបាកយ៉ាងណាក្តី រយៈពេលប្រមាណ ១១ខែកន្លងទៅនេះ គេបានឃើញថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផង និងរក្សានូវស្ថេរភាពសេដ្ឋកិច្ចសង្គមផង។ សម្តេចតេជោ ហ៊ុន សែន បានទម្លាក់កញ្ចប់ថវិកាជាតិជាច្រើន ដើម្បីជួយដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋបាត់បង់ការងារធ្វើ និងជួបការខ្វះខាតក្នុងជីវភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាក់កញ្ចប់ថវិកាសម្រាប់ពង្រីករបរ និងអាជីវកម្មកសិកម្ម ដែលជាវិស័យមួយជួយដល់ដង្ហើមសេដ្ឋកិច្ចកម្ពុជាគ្រាមានវិបត្តិកូវីដ១៩។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បានដាក់ចេញនយោបាយបន្ធូរបន្ថយនូវលក្ខខណ្ឌនានា ដើម្បីជួយឱ្យក្រុមហ៊ុន និងអាជីវកម្មទាំងឡាយនៅកម្ពុជា អាចបន្តដំណើរការ និងរក្សាបានការងារខ្លះជូនដល់ប្រជាពលរដ្ឋខ្មែរ។

រយៈពេល១១ខែកន្លងមកនេះ បើទោះបីកូវីដ១៩ ធ្វើឱ្យកម្ពុជាជួបការលំបាក តែគេបានមើលឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមិនស្ថិតក្នុងស្ថានភាពជាប់គាំងនោះឡើយ ហើយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏មានភាពល្អប្រសើរផងដែរ។

ការសិក្សារបស់ «Le Bureau de Prospective Economique» ប្រទេសសេណេហ្កាល់ បានរកឃើញថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១នៅអាស៊ី និងលេខ ៣នៅលើពិភពលោក ក្នុងចំណោម១៦៦ប្រទេស) ជាប្រទេសដែលគ្រប់គ្រងជំងឺកូវីដ១៩ និងផលប៉ះពាល់ពីជំងឺកូវីដ១៩ បានល្អជាងគេ។

ជាការសោកស្តាយ ទោះបីកម្ពុជាប្រឹងប្រែងទប់ស្កាត់យ៉ាងណាក្តី ក៏ជំងឺកូវីដ១៩ នៅតែបានឆ្លងចូលសហគមន៍នៅថ្ងៃទី២៨ ខែវិច្ឆិកា ហើយរកប្រភព និងដើមចមនៃការចម្លងមិនឃើញនោះឡើយ។ ព្រឹត្តិការណ៍នេះ នាំឱ្យមានការសោកស្តាយជាខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា។ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់ជាច្រើន តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍នេះ។

បើទោះបីសង្គ្រាមជាមួយជំងឺកូវីដ១៩ ដែលសម្តេចតេជោ ហ៊ុន សែន ឱ្យឈ្មោះថា «សង្គ្រាមជាមួយសត្រូវលាក់មុខ» ឬ «សង្គ្រាមជាមួយសត្រូវឥតស្រមោល» មានសភាពលំបាកយ៉ាងណាក៏ដោយចុះ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ នៅតែមិនចុះចាញ់ ហើយប្រឹងប្រែងប្រយុទ្ធមិនដកដៃ ដើម្បីរក្សាបានការរស់រានរបស់ប្រជាពលរដ្ឋខ្មែរ និងដង្ហើមសេដ្ឋកិច្ចជាតិ។

គ្រាដែលប្រទេសមួយចំនួនលើពិភពលោកប្រកាសពីជោគជ័យនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមានទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ក៏បានប្រកាសពីការផែនការក្នុងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចគ្រោងទិញវ៉ាក់សាំងជំហ៊ានដំបូងប្រមាណ ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោ គ្រោងទិញវ៉ាក់សាំងនេះរហូតដល់ទៅ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។

ការប្រកាសបង្ហាញផែនការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ របស់សម្តេចតេជោ ហ៊ុន សែន បានផ្ទុះនូវការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលរងការយាយីជីវិតពីជំងឺនេះអស់រយៈពេលជិតមួយឆ្នាំមកនោះ។

ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែគាំទ្រផ្នែកទស្សនៈនោះទេ ពួកគេបានបញ្ចេញថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រស្មោះថែមទៀតផង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ចប់វិបត្តិបង្កដោយជំងឺកូវីដ១៩។

ព្រះសង្ឃ ព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រីយ៍ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករ អាជីវករ សិស្សនិស្សិត ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកាចាប់ពី ១ដុល្លារ ពីរដុល្លារ រហូតដល់រាប់លានដុល្លារ។ គិតមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ចលនាមហាជនក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ មានចំនួនប្រហាក់ប្រហែលជិត ៤០លានដុល្លារហើយ។

មហាចលនាដ៏ផុសផុលនៃការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាការស្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីដ៏អស្ចារ្យរបស់ប្រជាជាតិខ្មែរ ដើម្បីជម្នះនូវការលំបាករបស់ជាតិ និងជាការបង្ហាញឱ្យឃើញនូវស្មារតី «ខ្មែរជួយខ្មែរ»។ ចលនានៃការបរិច្ចាគថវិកានាពេលនេះ ក៏ជាការស្តែងឱ្យឃើញយ៉ាងប្រត្យក្សនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះផែនការរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩នៅក្នុងសង្គមកម្ពុជា។

ការលំបាកបង្កដោយជំងឺកូវីដ១៩ មិនមែនជារឿងថ្មីឡើយ សម្រាប់ប្រជាជាតិកម្ពុជា។ កម្ពុជា ធ្លាប់បានហែលឆ្លងយ៉ាងវេទនាដោយសារតែវិបត្តិនៃភ្លើងសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ តែទីបំផុតប្រជាជាតិកម្ពុជា បានជម្នះនូវការលំបាកទាំងអស់នោះ ក្រោមកម្លាំងសាមគ្គីដ៏មុតមាំ និងកសាងសង្គមឱ្យមានវឌ្ឍនភាព មោទនភាពដូចពេលបច្ចុប្បន្ន។

ស្មារតីនៃការរួបរួម និងសាមគ្គីរបស់ប្រជាជាតិខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺនៅតែមានជំនឿមុតមាំថា កម្ពុជានឹងដោះស្រាយ ព្រមទាំងជម្នះបាននូវការលំបាកបង្កដោយជំងឺកូវីដ១៩នាពេលនេះ។

ដើម្បីចូលរួមដោះស្រាយការលំបាក និងបញ្ចប់ជីវិតកូវីដ១៩នៅកម្ពុជា ប្រជាពលរដ្ឋខ្មែរគ្រប់រូប សុទ្ធតែអាចចូលរួមបរិច្ចាគថវិកាទៅតាមកម្លាំងសទ្ធារបស់ខ្លួន តាមរយៈទំនាក់ទំនង និងគណនីដូចខាងក្រោម៖

១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី
ទី២៖ ធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy
ទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991
ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999
ទី៥៖ ធនាគារវឌ្ឍន : គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7
ទី៦៖ ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557

សូមរួមគ្នាកម្ចាត់កូវីដ១៩ ពីដែនដីកម្ពុជា ដោយបរិច្ចាគថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ជាមួយសម្តេចតេជោសែន៕
ដោយ៖ វ៉ាន់ សារាយ