(ភ្នំពេញ)៖ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយ ចេះប្រតិបត្តិដល់មនុស្សចាស់ ឲ្យបានល្អ ធ្វើឲ្យមនុស្សចាស់ទទួលបានភាពកក់ក្តៅ កុលបុត្រកុលធីតា ដែលជាកូនចៅជំនាន់ក្រោយ ទើបសាលាខណ្ឌពោធិ៍សែនជ័យ បានយកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ មកធ្វើជាពិធីប្រារព្វដឹងគុណ ដល់មនុស្សចាស់ និងបានលើកទឹកចិត្តដល់មនុស្សចាស់ ឲ្យចេះតស៊ូនិងចេះរកការងារ សម្រាប់មនុស្សចាស់ផងដែរ ពិធីនេះប្រព្រឹត្តទៅនៅល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ស្ថិតនៅបរិវេណសាលាខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីមនុស្សចាស់៦៣៥នាក់ ដែលបានអញ្ជើញមកពីសមាគមន៍មនុស្សចាស់ទាំង១០សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ។
លោក ហែម ដារិទ្ធិ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា លោកបានយកថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ធ្វើជាពិធីប្រារព្វដឹងគុណដល់មនុស្សចាស់។
ពិធីដឹងគុណដល់មនុស្សនេះ បន្ទាប់ពីលោកបានឡើងកាន់តំណែងជា អភិបាលខណ្ឌនៅឆ្នាំ២០១៥ គឺលោកបានប្រារព្វម្តងរួចមកហើយ ដូច្នេះលើកនេះជាលើកទី២ហើយ ដែលលោកបានដឹកនាំមន្ត្រីសាលាខណ្ឌ ប្រារព្វពិធីដឹងគុណដល់មនុស្សចាស់។
លោកបានបន្តថា មនុស្សចាស់មានសារៈសំខាន់ណាស់ ដូច្នេះយើងជាអ្នកជំនាន់ក្រោយ ត្រូវដឹងគុណដល់មនុស្សចាស់ ត្រូវតែគោរពប្រតិបត្តិ ដល់មនុស្សចាស់ ឲ្យបានល្អធ្វើយ៉ាងណាឲ្យគាត់ទទួលបាន ភាពកក់ក្តៅយើងជាមនុស្សជំនាន់ក្រោយ ពីព្រោះបើគ្មានពួកគាត់ ក៏មិនមានពួកយើងគ្រប់គ្នានោះដែរ។ ម្យ៉ាងវិញទៀតការប្រារព្វពិធីដឹងគុណ ដល់មនុស្សចាស់នាពេលនេះ គឺចង់ឲ្យក្មេងៗជំនាន់ក្រោយ យកថ្ងៃនេះជាថ្ងៃដឹងគុណដល់មនុស្សចាស់ ហើយចេះគោរពគ្នាទៅវិញទៅមក ហើយសូមឲ្យយុវជនទាំងអស់យកថ្ងៃនេះ តបស្នងសងគុណដល់មនុស្ស ដែលយើងស្រឡាញ់។
ក្នុងពិធីដ៏សប្បាយរីករាយនោះ លោកអភិបាលក៏បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ដល់មនុស្សចាស់ដែលចូលរួម៦៣៥នាក់ ដោយម្នាក់ៗជូននៅសារុង១ និងជាថវិការចំនួន៥ម៉ឺនរៀលផងដែរ៕