(សៀមរាប)៖ លោក អ៊ូ សុផល នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ Fresh News ថា បន្ទាប់ពីចាប់បានឃាតក ២នាក់កាលពីម្សិលមិញ រហូតមកដល់រសៀលថ្ងៃអាទិត្យនេះ ឃាតកដែលសម្លាប់កាត់ក្បាលនារី បាននឹងកំពុងបន្តសាកសួរក្រោមដែន សមត្ថកិច្ចរបស់នគរបាល ខេត្តសៀមរាបនៅឡើយនោះទេ មិនទាន់បញ្ជូនទៅកាន់តុលាការឡើយ។
សូមជំរាបថា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងតាមទូរស័ព្ទប្រាប់អង្គភាព Fresh News ថា ឃាតកម្មដែលកាត់ក្បាលនារី នៅផ្ទះសំណាក់ ក្រុងសៀមរាប គឺផ្តើមចេញពីរឿង បុរសជាឃាតកចូលស្តីដណ្តឹងនារីនោះមិនបាន ហើយខឹង, ណាត់គ្នាទៅជួបនៅផ្ទះសំណាក់ សម្លាប់កាត់ក្បាលតែម្តង។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា៖ ឃាតកមានគ្នា២នាក់។ បុរសដែលជាឃាតក (ជនកាត់ក្បាល) នោះមានប្រពន្ធ និងកូន៣-៤នាក់ហើយ។ ព្យាយាមចូលស្តីដណ្តឹងនារីរងគ្រោះ ប៉ុន្តែមិនបាន។ លោកអភិបាលបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចចាប់បាន ខណ:ឃាតកកំពុងដុតក្បាលជនរងគ្រោះ នៅខាងក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់គោកចក ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យជនដៃដល់សម្លាប់ជនរងគ្រោះនោះ ផ្តើមចេញពីរឿងស្នេហា។ ជនសង្ស័យមានប្រពន្ធរួចហើយ តែក្រោយមក មានបញ្ហាជាមួយប្រពន្ធដើម រហូតសុំលែងលះ តែលែងមិនទាន់ដាច់។ បន្ទាប់មកឃាតកក៏មានទំនាក់ទំនង ជាមួយនារីរងគ្រោះ រហូតចូលស្តីដណ្តឹង ហើយឈានទៅដល់ការរៀបចំពិធីមង្គលការ ប៉ុន្តែដំណើរការរៀបចំ អាពាហ៍ពិពាហ៍ទៅមិនរួច ដោយហេតុថា ជនសង្ស័យមិនទាន់លែងប្រពន្ធដាច់ស្រេច។
ក្រោយមានបញ្ហា នារីរងគ្រោះបានចាត់ទុកថា ជនសង្ស័យបោកប្រាស់រហូតឈ្លោះគ្នាយ៉ាងខ្លាំង ហើយជនសង្ស័យក៏រៀបចំផែនការសម្លាប់ នារីរងគ្រោះ រហូតកាត់ក្បាលតែម្តង។ ឃាតកម្នាក់មានឈ្មោះ ចាន់ ឆាយយ៉ា ហៅ សំ ភារ៉ាត់ អាយុ៤០ ស្រុកកំណើត នៅខេត្តបាត់ដំបង ហើយនៅពេលនេះស្ថិតក្រោមការសាកសួររបស់ នគរបាលជំនាញនៅឡើយ ដើម្បីយកព័ត៌មានលំអិតថែមទៀត៕