(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទូទាំងពិភពលោក គេនាំគ្នាប្រារព្ធនូវទិវា នៃក្តីស្រឡាញ់ ចំណែកនៅកម្ពុជា ក៏មានប្រារព្ធទិវានេះដែរ ដោយមានអ្នកខ្លះទិញផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជូនដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ ប៉ុន្តែសម្រាប់ មជ្ឈមណ្ឌលផ្តល់ឈាម និងទឹកបរិសុទ្ឋវីតាល់ បានរៀបចំនូវយុទ្ធនាការ ទទួលអំណោយឈាម ដោយស្ម័គ្រចិត្ត ពីសំណាក់សាធារណជន ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់សេចក្តីស្រលាញ់» នៅបរិវេណមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដោយមានវត្តមានអញ្ជើញចូលរួមពី សំណាក់លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស និងលោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

យុទ្ធនាការបរិច្ឆាគឈាម ចំថ្ងៃនៃទិវានៃក្តីស្រឡាញ់នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណគុណដល់យុវជន ដែលបានចូលរួមផ្តល់ឈាម ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ​ ក៏បានថ្លែងថា ការបរិច្ឆាគឈាម នៅពេលនេះ គឺជាការធ្វើអំពើល្អមួយ ក្នុងសង្គម ដែលឈាមទំាងនេះ នឹងត្រូវបានយកទៅជួយសង្គ្រោះអាយុវជីវិតមនុស្ស។ លោកបានបន្តថា ឈាមមានសារសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយនៅលើពិភពលោកយើងនេះ មិនទាន់មានអ្នកវិទ្យសាស្ត្រណា ស្វែងរក និងផលិតឈាម សិប្បនិមិត្ត មកជំនួសឈាមមនុស្ស ឬ ចាក់បញ្ចូល ដើម្បីជួយសង្គ្រោះ ជីវិតមនុស្ស បាននៅឡើយទេ។

ជាមួយគ្នានេះដែរ លោក ប៉ា សុជាតិវង្ស បានអំពាវនាវដល់មន្ត្រីសាលាក្រុង និងយុវជនកាកបាទក្រហម ចូលរួមផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត ។

លោក ហុក គឹមចេង ដែលជាប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក៏បានលើកឡើង នៅក្នុងទិវានៃក្តីស្រឡាញ់ បានសំណូមពរអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមចែករំលែកក្តីស្រឡាញ់របស់ខ្លួន ជូនទៅដល់ជនរងគ្រោះផ្សេងៗ តាមរយៈនៃការបរិច្ចាគឈាមផងដែរ ព្រោះអ្នកត្រូវការជួយសង្គ្រោះ មានការកើនឡើង ដែលធ្វើអោយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងត្រូវការអំណោយឈាម ពីអ្នកស្ម័គ្រចិត្តទាំងអស់ ព្រោះដោយសារតែមជ្ឈមណ្ឌលជាតិ មិនទាន់ទទួលបាន អ្នកស្ម័គ្រចិត្តផ្តល់ឈាមគ្រប់គ្រាន់ នៅឡើយ។

លោកវេជ្ជបណ្ឌិត ដែលជា ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងទៀតថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងតែបានរៀបចំយុទ្ធនា ការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ដោយបានសហការជាមួយ សាខាកាកបាទក្រហម រាជធានីភ្នំពេញ សកលវិទ្យាល័យនានា វិស័យឯកជន ក្នុងគោលបំណង ធ្វើអោយការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ពីអ្នកស្ម័គ្រចិត្ត ក្នុងចំណោមប្រជាជន និងយុវជនយើង។

លោកសង្ឃឹមថា តាមរយៈយុទ្ធនាការនេះ នឹងមានអ្នកស្ម័គ្រចិត្ត មកបរិច្ចាគឈាម បានកាន់តែច្រើន ដើម្បីឆ្លើបតទៅនឹងតម្រូវការឈាម សម្រាប់ជួយសង្គ្រោះ ដល់ជនរងគ្រោះ នៅទូទាំងប្រទេស។
ចំនែកក្រុមហ៊ុនទឹកសុទ្ធ វីតាល់ក៏បានធ្វើសកម្មភាពមនុស្សធម៌នេះ ជាមួយរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម តាំងពី ឆ្នាំ២០១១ មកម៉្លេះតាមរយៈមូលនិធិ ២៥៛ របស់វីតាល់។

ជាងនេះទៅទៀត វីតាល់តែងតែគាំទ្រសកម្មភាព មនុស្សធម៌ផ្សេងៗនៅក្នុងសង្គម ជាក់ស្តែងការឧបត្ថម្ភថវិកាទៅកាន់កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ជា កុមារកំព្រា គថ្លង់ ការការពារបរិស្ថាន និងសកម្មភាពយុវជន ជាច្រើនផ្សេងទៀត៕