(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះ និងមានប្រជាប្រិយភាពរបស់ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នាឱកាសថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់នេះ បានចំណាយពេលវេលារបស់ខ្លួនចូលរួមបរិច្ចាគឈាមនៅមន្ទីពេទ្យព្រះអង្គឌួង ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្រៅពីការចូលរួមផ្តល់ឈាមនាកាសថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់នេះ តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ក៏បានធ្វើការអំពាវនាវស្នើឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ ត្រូវចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីជាការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលកំពុងខ្វះនិងត្រូវការបញ្ចូលឈាមបន្ថែម។
លោក ឆាយ វីរៈយុទ្ធ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីបានឃើញការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលធ្វើឡើងតាមរយៈបណ្តាញផ្សព្វផ្សាយនានា ក្នុងគោលបំណងដើម្បីឲ្យយុវជននិងពលរដ្ឋខ្មែរទូទៅ ចូលរួមផ្តល់ឈាមនាកាសទិវានៃក្តីស្រលាញ់១៤ កុម្ភៈ ដោយរៀបចំធ្វើឡើងនៅមន្ទីពេទ្យព្រះអង្គឌួងនេះហើយ ទើបបណ្តាលឲ្យលោកសុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន មកចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងត្រូវការឈាមជាចាំបាច់នោះ។
តារាចម្រៀងប្រុសរូបសង្ហាទទួលបានការគាំទ្រច្រើន ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់វណ្ណៈ លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់បន្ថែមថា នេះជាលើកទីពីរសម្រាប់ខ្ញុំដែលបានស្ម័គ្រចិត្តក្នុងការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលត្រូវការឈាមប្រភេទ (A+) ដូចឈាមរបស់ខ្ញុំនេះដែរ។ ជាមួយគ្នានឹងការថ្លែងដូច្នេះ លោក ឆាយ វីរៈយុទ្ធ ក៏បានបង្ហាញការសប្បាយចិត្ត និងផ្ញើជាសេចក្តីស្រលាញ់ដល់មិត្តៗយុវវ័យ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលតែងបន្តចូលរួមនូវការគាំទ្រ។ ជាពិសេសគឺនៅថ្ងៃទី១៤ កុម្ភៈ ដែលជាទីវានៃក្តីស្រលាញ់នេះលោកបានអំពាវនាវយុវជននិង យុវតីខ្មែរទាំងអស់ សូមកុំភ្លើតភ្លើនប្រព្រឹត្តទង្វើមិនគប្បីប្រាសចាកពីសីលធម៌សង្គមឲ្យសោះ៕