(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងបាននិងកំពុងស្នើសុំបញ្ចេញថវិកា ៤៣២លានរៀល ដែលជាប្រាក់រង្វាន់លើកទឹកចិត្តជូន Cambodia All Stars។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ បានសម្រេចផ្តល់ប្រាក់រង្វាន់ប្រមាណ ៤៣២លានរៀល ដល់ក្រុមកីឡាករ និងគ្រូបង្វឹក Cambodia All Stars ប្រមាណ ៣៦នាក់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេបន្ទាប់ពីប្រកួតយកឈ្នះ លើក្រុម Buriram United មកពីប្រទេសថៃ។ រហូតមកដល់ពេលនេះ ក្រុមកីឡាករ និងគ្រូបង្វឹកមិនទាន់ទទួលបានប្រាក់រង្វាន់ទាំងនេះនៅឡើយទេ ជាហេតុនាំឲ្យកីឡាករ និងគ្រូបង្វឹកមួយចំនួនមានចិត្តអន្ទះសារចង់ឃើញប្រាក់រង្វាន់របស់ពួកគេ។
ឆ្លើយតបនឹងការទន្ទឹងរង់ចាំប្រាក់រង្វាន់របស់ក្រុមកីឡាករ និងគ្រូបង្វឹកនេះ លោក ហង់ ជួនណារ៉ុន គ្រាកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងតាមរយៈ Facebook ថា ប្រាក់រង្វាន់នេះ គឺក្រសួងកំពុងស្នើសុំបញ្ចេញហើយ និងស្នើឲ្យកី ឡាករ និងគ្រូបង្វឹករង់ចាំប្រមាណមួយ ទៅពីរសប្តាហ៍ទៀត ។
សូមជំរាបថា នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ កីឡាកររបស់ក្រុម Cambodian All Stars ចំនួន ៣៦រូប ដែលបានខិតខំអស់កម្លាំងកាយកម្លាំងចិត្ត នៅលើសមរភូមិវាលស្មៅដ៏ខៀវស្រងាត់ រហូតយកឈ្នះលើក្រុមខ្លាំងរបស់ថៃ Buriram United ដោយគ្រាប់បាល់ប៉េណាល់ទី ៦-៥។
ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានប្រកាសផ្តល់ប្រាក់រង្វាន់ភ្លាមៗ ជូនពួកគេម្នាក់ ១,០០០ដុល្លារ សរុប ៣៦,០០០ដុល្លារ។ លុះថ្ងៃទី២៨ ខែមករា ក្រសួងអប់រំយុវជន និងកីឡា ក៏បានស្នើ សុំនាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់ថវិកាសម្រាប់កីឡាករ និងគ្រូបង្វឹកចំនួន ៣៦នាក់ ម្នាក់ៗ ១២លានរៀលបន្ថែមទៀត៕