(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានធ្វើការឃាត់ខ្លួនអ្នកបើកបរស្រវឹងចំនួន ៧នាក់ ក្នុងប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈម្ចាស់យានយន្ត២១៦គ្រឿង ត្រូវបានសមត្ថកិច្ចចេញប័ណ្ណពិន័យ។
របាយការណ៍អំពីលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ យានយន្ត ដែលបានធ្វើការត្រួតពិនិត្យមានចំនួន៧៧៨គ្រឿង (ម៉ូតូចំនួន៤៣៤គ្រឿង និងរថយន្ត៣៤៤គ្រឿង) ក្នុងនោះយានយន្តដៃលបានចេញប័ណ្ណពិន័យបទល្មើសចំនួន២១៦គ្រឿង (ម៉ូតូ១៦៥ គ្រឿង និងរថយន្ត៤១គ្រឿង) ដោយអប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០,២៥ចំនួន១១នាក់ (ម៉ូតូចំនួន១០នាក់ និងរថយន្តចំនួន១នាក់) និងពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹងចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម ម្នាក់។
លើសពីនេះសមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន៧នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៥នាក់ អត្រាជាតិអាល់កុលពី០,៥៣ ដល់ ០,៨៣ MgL /ខ្យល់ និងអ្នកបើកបររថយន្ត២នាក់ អត្រាជាតិអាល់កុល ០,៦២ ដល់ ០,៦៨ MgL/ខ្យល់។ គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយ:ពេល១៧លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២៧៥នាក់ ក្នុងនោះកបើកបររថយន្តចំនួន៣៥នាក់ និងអ្នកបើកបរម៉ូតូចំនួន១០៦នាក់៕