(ភ្នំពេញ)៖ ជម្លោះអ្នកជិតខាងរឿងចាក់បេតុងមុខផ្ទះ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ហើយត្រូវបានគេចែកចាយវីដេអូផ្អើលពេញបណ្ដាញសង្គម Facebook អាជ្ញាធរខណ្ឌដង្កោ បានចុះទៅអន្ដរាគមន៍សម្របសម្រួលបញ្ចប់រឿង ប៉ុន្ដែភាគីម្ខាងដែលជាអ្នកចាក់បេតុង មិនទទួលយកការសម្របសម្រួលនេះឡើយ។

សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌដង្កោ បានបញ្ជាក់ថា ភាគីអ្នកចាក់បេតុងមុខផ្ទះឈ្មោះ ឯក គឹមសាន្ដ អាយុ៥៩ឆ្នាំ ជាមន្ដ្រីនគរបាលចូលនិវត្តន៍ រងរបួសដៃខាងឆ្វេង ដោយឈ្មោះ អាង ណាក់ អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកធនាគារ ជាអ្នកវាយពេលឈ្លោះប្រកែកគ្នា។

រដ្ឋបាលខណ្ឌដង្កោ បានធ្វើការសម្របសម្រួលទំនាស់ ជូនភាគីទាំងពីរ តែការសម្របសម្រួលមិនទទួលបានលទ្ធផលទេ ដោយភាគីឈ្មោះ ឯក គឹមសាន្ដ មិនសុខចិត្តទទួលយកនូវការសម្របសម្រួលឡើយ ហើយបន្ដប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចថ្នាក់លើបន្ដទៀត។

ចំពោះការសាងសង់របស់ឈ្មោះ ឯក គឹមសាន្ដ ដែលបណ្ដាលឲ្យមានទំនាស់ជាមួយអ្នកជិតខាង ហើយឈានទៅមានអំពើហិង្សា រដ្ឋបាលខណ្ឌដង្កោ ពិនិត្យឃើញថា សំណង់ដែលបានសាងសង់មិនមានលិខិតអនុញ្ញាតសាងសង់ឡើយ ហើយរំលោភលើផ្លូវសាធារណៈ ដូច្នេះតម្រូវឲ្យឈ្មោះ ឯក គឹមសាន្ដ ផ្អាកការសាងសង់សំណងនេះ និងរុះរើចេញរក្សាភាពដើមវិញ៕