(ក្រចេះ)៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីរបស់ខ្លួន សហការជាមួយកម្លាំងអាវុធហត្ថស្រុកចិត្របុរី ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចទំនប់ទ្រនូលឆ្នាំង ភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានឲ្យដឹងថា ក្នុងបេសកកម្មចុះបង្ក្រាបថ្ងៃនេះ បានដកហូតវត្ថុតាងនៃបទល្មើសដូចជា របាំងសាច់អួនស្បៃមុងចំនួន៣៥ខ្សែ ប្រវែង ១,០៥០ម៉ែត្រ, លូសាច់ស្បៃមុងចំនួន ៣៥ម៉ាត់លូ, បង្គោលឫស្សីឃ្លៃចំនួន ៤៥០ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណជា ០៥គីឡូក្រាមផងដែរ។
ដោយឡែកក្នុងថ្ងៃដដែលរដ្ឋបាលជលផលព្រែកប្រសព្វ ក៏បានសហការជាមួយក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទកំពង់គរ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងធំ ស្ថិតក្នុងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ និងបានរឹបអូស របាំងស្បៃមុងចំនួន៣ខ្សែ ប្រវែង ១៥០ម៉ែត្រ, លូស្បៃមុងចំនួន ០៣មាត់លូ, របាំងសាច់អួនក្រឡាញឹកចំនួន ១៤ខ្សែ ប្រវែង ៦៤០ម៉ែត្រ, លបសាច់អួនក្រលាញឹក ១៤គ្រឿង, បង្គោលចម្រឹងឬស្សីឃ្លៃ ៤២៥ដើម, ចាក់លែងត្រីចម្រុះចូលបឹង ៣៥គីឡូក្រាម។
លោកនាយខណ្ឌបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននេះគឺ របាំងស្បៃមុង និងរបាំងសាច់អួនដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដោយឡែកលូស្បៃមុង និងលបសាច់អួនក្រលាញឹក គឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសម្រេចធ្វើការបំផ្លាញចោលនៅហ្នឹងកន្លែង។
លោកនាយខណ្ឌបាន អំពាវនាវពលរដ្ឋទាំងអស់ជួយរក្សាធនធានជលផលទាំងអស់គ្នា ដើម្បីបន្តពូជពង្សសម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់នូវប្រភេទត្រីទឹកសាបនេះ និងធ្វើយ៉ាងណាសូមកុំធ្វើនេសាទខុសច្បាប់ ដូចជាការប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រី ស្បៃមុង និងអួនក្រឡាញឹកជាដើម។
លោកក៏បានផ្ដាំផ្ញើឲ្យប្រជានេសាទទាំងអស់ថា ធ្វើយ៉ាងណា នេសាទជាលក្ខណៈគ្រួសារបានហើយ កុំនេសាទខុសច្បាប់បើនេសាទខុសច្បាប់ថ្ងៃណាមួយសមត្ថកិច្ចឃាត់ចាប់បាន នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ស្តីពីជលផលជាក់ជាពុំខាន៕