(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញបុរសម្នាក់ឈ្មោះ រនី សាគី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយបោះចោលមិនទទួលយកម៉ាសពីក្រុមការងារសង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការអញ្ជើញបុរសខាងលើនេះមកអប់រំ បានធ្វើឡើងបន្ទាប់ពីបុរសម្នាក់នេះ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញរដ្ឋបាលខណ្ឌ បានពិនិត្យឃើញថាមានការបង្ហោះ និងចែករំលែកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នូវខ្លឹមសារវីដេអូ ដែលមានបុរសម្នាក់ បានបោះចោលមិនទទួលយកម៉ាសពីក្រុមការងាររបស់សង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយ និងចែកម៉ាសដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារដីហុយ។

លោក នី សាគី បានទទួលស្គាល់នូវកំហុសរបស់ខ្លួនធ្វើការសុំទោសជាសាធារណៈ ព្រមទាំងសន្យាមិនឱ្យមានកំហុសនេះកើតឡើងជាថ្មីទៀតនោះទេ និងចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការអំពាវនាវដល់សាធារណជនបន្តអនុវត្តឱ្យបានម៉ត់ចត់ នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស រក្សាគម្លាត១,៥ម៉ែត្រ និងលាងដៃដោយអាល់កុល ឬដែលសម្លាប់មេរោគ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌសែនសុខ៖