(ព្រះវិហារ)៖ សម្ភារជាច្រើនមុខដែលជាអំណោយដ៍ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់បម្រើឲ្យការងារប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ប្រគល់ជូនដល់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា តាមក្រុងស្រុកទាំង ៨នៅក្នុងខេត្ត។

ពិធីប្រគល់សម្ភារបរិក្ខាទាំងនេះ ធ្វើឡើងក្រោមវត្តមានលោក យុង គឹមហ៊ាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីគណៈកម្មាធិការអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត ស្រុក ក្រុង ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក យុង គឹមហ៊ាន បានថ្លែងឲ្យដឹងថា អំណោយដែលប្រគល់ជូន ស.ស.យ.ក តាមក្រុងស្រុកទាំង៨ នៅក្នុងខេត្តព្រះវិហារនាពេលនេះ ជាអំណោយដ៍ថ្លៃថ្លាដែលទទួលបានពីគណៈកម្មាធិការកណ្តលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន ហើយអំណោយទាំងនេះរួមមាន៖ បដាអប់រំ ម៉ាស់ សាប៊ូ និងជែលសម្រាប់លាងសម្អាតដៃផងដែរ។

ជាមួយគ្នានេះដែរ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ យុង គឹមហ៊ាន បានផ្តាំផ្ញើ និងជំរុញឲ្យ ស.ស.យ.ក តាមក្រុងស្រុកទាំង៨ ដែលទទួលបានសម្ភារទាំងនេះ ពេលត្រឡប់ទៅវិញត្រូវធ្វើការ ផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋានរបស់ខ្លួន ក្នុងទិសដៅបញ្ច្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការការពារកុំអោយឆ្លងជំងឺកូវីដ១៩៕