(ភ្នំពេញ)៖ នៅថ្ងៃទិវានៃក្តីស្រឡាញ់ (Valentine’s Day) នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឆ្លៀតបង្ហាញក្តីស្រឡាញ់ ចំពោះជនរួមជាតិទាំងអស់ ហើយក្រើនរំលឹកដល់យុវជន ឱ្យបង្ហាញក្តីស្រឡាញ់ចំពោះគ្រួសារ និងមនុស្សជុំវិញខ្លួនរបស់គេដែរ។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ថ្ងៃទី ១៤ កុម្ភៈ គឺជាថ្ងៃអបអរសាទរនៃក្តីស្រឡាញ់ ដែលជាទិវាអន្តរជាតិ ភាសាអង់គ្លេសហៅថា (Valentine’s Day)។ ថ្ងៃនេះយើងចូលរួមបង្ហាញ និងផ្តល់នូវក្តីមេត្តាករុណា និងក្តីស្រឡាញ់ចំពោះខ្លួនយើងផង ចំពោះឪពុកម្តាយ អាណាព្យាបាល ជីដូនជីតា ប្តីប្រពន្ឋ កូនចៅ អុំ ពូម៉ីង មិត្តភក្តិ និងមិត្តរួមអាជីពការងារជាដើម។ល។ ខ្ញុំសង្ឃឹមថា សេចក្តីស្រឡាញ់ពីមនុស្សម្នាក់ និងចែករំលែកទៅដល់មនុស្សនៅជុំវិញខ្លួនយើងផង និងដល់មនុស្សជាច្រើន នៅទូទាំងប្រទេស ទន្ទឹមនិងពិភពលោក កំពុងចូលរួមអបអរសាទរ ទិវានៃក្តីស្រឡាញ់នៅថ្ងៃនេះ»។
សម្តេតេជោ ហ៊ុន សែន បានបន្ថែមថា «ចំពោះយុវវ័យ គឺមិនត្រូវគិតថា ថ្ងៃនេះគឺជាថ្ងៃនៃបុណ្យសង្សារតែប៉ុណ្ណោះទេ តែជាថ្ងៃពិសេស ដែលក្មួយៗមានឱកាសបង្ហាញនូវក្តីស្រឡាញ់ចំពោះឪពុកម្តាយ ជីដូនជីតា លោកគ្រូ អ្នកគ្រូ និងមនុស្សដែលនៅជុំវិញខ្លួន ព្រោះក្តីស្រឡាញ់គឺជាសុភមង្គមសម្រាប់មនុស្សគ្រប់រូប ហើយ ដែលម្នាក់ៗអាចផ្តល់អោយគ្នា ទៅវិញទៅមកបានគ្រប់ពេលវេលាទាំងអស់»។
សូមបញ្ជាក់ថា នៅម៉ោងនៅ៧៖០០ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ៕