(ភ្នំពេញ)៖ អង្គការជីវិតនៅកម្ពុជាមានទីតាំងនៅខេត្តសៀមរាប ហើយជាអង្គការដែលត្រូវបានគេស្គាល់ថា ជាអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំសម្រាប់យុទ្ធនាការបញ្ឈប់អំពើហិង្សា និងការយាយីយែនឌ័រនៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ អង្គការជីវិតនៅកម្ពុជា តែងរៀបចំ «ទិវា១៦ថ្ងៃដើម្បីបញ្ចប់អំពើហិង្សាយេនឌ័រ»។
ក្នុងរយៈពេល៣ឆ្នាំមកនេះ សមាសធាតុសំខាន់នៃយុទ្ធនាការប្រចាំឆ្នាំមួយនេះ គឺជាខ្សែភាពយន្តខ្លីរយៈពេល ២នាទី។ នៅឆ្នាំ២០១៨ ខ្សែភាពយន្ដដែលមានចំណងជើងថា «ការការពារ» ទទួលបានការទស្សនាជាង ១.១លានដង ព្រមទាំងបានទទួលពានរង្វាន់អន្តរជាតិចំនួន៥។ នៅឆ្នាំ២០១៩ ខ្សែភាពយន្ត «គុណធម៌អ្នកប្រយុទ្ធ»ដែលចូលរួមសម្តែងដោយលោក ចាន់ រតនា និងកញ្ញា នូវ ដាណា ទទួលបានការទស្សនាដល់ទៅជាង ១.៣លានដង និងឈ្នះពានរង្វាន់អន្តរជាតិចំនួ ៤ផ្សេងទៀត រួមមានពានរង្វាន់អន្តរជាតិសម្រាប់យុទ្ធនាការល្អបំផុត ដែលប្រើថវិកាតិច។
នៅឆ្នាំ២០២០ ភាពយន្តដែលយកមកផ្សព្វផ្សាយក្នុង «ទិវា១៦ថ្ងៃដើម្បីបញ្ចប់អំពើហិង្សា» ជាខ្សែភាពយន្តខ្លីមានចំណងជើងថា «មិនមែនកំហុសនាង»។
ដើម្បីឲ្យប្រជាជនកម្ពុជាជាច្រើននាក់បានយល់ដឹងពីយុទ្ធនាការនេះ យុទ្ធនាការផ្សព្វផ្សាយអំពីអំពើហិង្សាក្នុងគ្រួសារ ឆ្នាំ២០២០របស់អង្គការជីវិតនៅកម្ពុជា សង្កត់ធ្ងន់លើការមិនស្តីបន្ទោសជនរងគ្រោះ ហើយខ្សែភាពយន្តខ្លី «មិនមែនកំហុសនាង» ត្រូវបានគេមើលជិត ១.៤លានដងហើយ (គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០)។ ខ្សែភាពយន្តខ្លី និងយុទ្ធនាការពាក់ព័ន្ធស្នើឱ្យប្រជាជនកម្ពុជាទាំងអស់ងាកមកផ្ដល់ការគាំទ្រដល់ស្ត្រី ជាជាងធ្វើការស្ដីបន្ទោសពួកគាត់។
ការស្តីបន្ទោសជនរងគ្រោះបានក្លាយជាផ្នែកមួយនៃវប្បធម៌ខ្មែរដោយសារការប្រើប្រាស់សុភាសិតខ្មែរមួយចំនួន។ ខ្សែភាពយន្ត «មិនមែនកំហុសនាង» ផ្តោតលើសុភាសិតមួយគឺ៖ «ទំពក់វាទៅ ទើបព្នៅវាមក»។ សុភាសិតនេះ មានន័យថា គ្មានអ្វីកើតឡើងដោយគ្មានមូលហេតុឡើយ។ នៅក្នុងបរិបទនៃអំពើហិង្សា និងការយាយីយែនឌ័រ ត្រូវបានប្រើក្នុងន័យថា ស្ត្រីជនរងគ្រោះប្រាកដជាបានធ្វើអ្វីមួយដែលបណ្តាលឱ្យភាគីបុរសប្រើអំពើហិង្សា ឬយាយីនាង។ និយាយឲ្យចំគឺវាជាកំហុសរបស់នាង។ នៅពេលដែលវប្បធម៌ត្រូវបានប្រើដើម្បីពង្រឹងការស្តីបន្ទោសជនរងគ្រោះ នោះការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សមិនមែនជាការងាយនោះទេ។ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតនេះ អង្គការជីវិតនៅកម្ពុជាបានសង្កត់ធ្ងន់លើវប្បធម៌ដែលមិនគាំទ្រការស្តីបន្ទោសលើជនរងគ្រោះ និងដោះស្រាយការមាក់ងាយពីសង្គមលើពួកគេដែលទាក់ទងនឹងអំពើហិង្សា និងការយាយីយែនឌ័រ។
ជាផ្នែកមួយនៃយុទ្ធនាការ «មិនមែនកំហុសនាង» ស្ត្រីនៅកម្ពុជាត្រូវបានគេអញ្ជើញឱ្យចែករំលែករឿងរ៉ាវ ដែលពិពណ៌នាអំពីពេលវេលា ដែលពួកគេបានជួបប្រទះការយាយី អំពើហិង្សា ឬការរំលោភបំពានតាមរយៈបណ្ដាញសង្គមផ្សេងៗ។ ក្រៅពីទំព័រហ្វេសប៊ុករបស់អង្គការជីវិតនៅកម្ពុជា ក៏បានសហការជាមួយទំព័រ IFL RUPP និងទំព័រហ្វេសប៊ុក Rule Confessions ដែលអនុញ្ញាតឱ្យពួកគេប្រមូលផ្តុំរឿងរ៉ាវទាំងនោះដោយសម្ងាត់ផងដែរ។
ទន្ទឹមនឹងការចែករំលែករឿងរ៉ាវរបស់ពួកគេ ស្ត្រីក៏ត្រូវបានស្នើសុំឱ្យភ្ជាប់រូបថតនៃសម្លៀកបំពាក់ ឬធ្វើការពិពណ៌នាអំពីសម្លៀកបំពាក់ដែលពួកគេស្លៀកនៅពេលនោះផងដែរ។
លោកស្រី ហ៊ូ ហេមមុនីន្ទ មន្ត្រីទំនាក់ទំនងរបស់អង្គការជីវិតនៅកម្ពុជាបានបកស្រាយថា «ស្ត្រីជាច្រើនដែលខ្ញុំស្គាល់ រួមទាំងរូបខ្ញុំផង សុទ្ធតែធ្លាប់បានឆ្លងកាត់ការយាយី ឬការរំលោភបំពានក្នុងរូបភាពណាមួយ។ តែពួកយើងមិនហ៊ានចែករំលែករឿងរ៉ាវរបស់យើង ព្រោះខ្លាចគេវិនិច្ឆ័យថា យើងមិនល្អ ហើយជាងនេះទៅទៀត យើងប្រកាន់នូវគំនិតមួយថា រឿងដែលយើងបានឆ្លងកាត់ វាមិនធ្ងន់ធ្ងរដូចមនុស្សស្រីដទៃទៀតនោះទេ។ ដូច្នេះយើងមានអារម្មណ៍ថា ការចែករំលែករឿងរ៉ាវរបស់ខ្លួនផ្ទាល់វាមិនសមរម្យ ទោះបីពួកយើងសុទ្ធតែ ជាជនរងគ្រោះក៏ដោយ»។
លោកស្រីបន្តថា «ខ្ញុំគិតថា ការនិយាយដោយបើកចំហអំពីបញ្ហានេះ ជារឿងសំខាន់ ព្រោះវាអាចបង្ហាញដល់ជនរងគ្រោះដទៃថាពួកគេមិនមែនធ្លាប់ឆ្លងកាត់រឿងនេះតែម្នាក់ឯងទេ ហើយវាបង្ហាញថាសង្គមរបស់យើងនៅខ្វះចន្លោះ ហើយទើបយើងអាចចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរ កន្លែងដែលខ្វះចន្លោះនេះបាន»។
អង្គការជីវិតនៅកម្ពុជា បានប្រមូលផ្តុំរឿងរ៉ាវរបស់ស្ត្រីជាច្រើន ហើយបានជ្រើសរើសយករឿងចំនួន២៤ ជាតំណាងឲ្យស្ថានភាពផ្សេងគ្នាក្នុងជីវិតប្រចាំថ្ងៃរបស់ស្រ្តី និងក្មេងស្រី។ រឿងទាំងនេះ ត្រូវបានប្រើដើម្បីបង្កើតការតាំងពិព័រណ៍តាមអ៊ីនធើណេតមួយ ដែលបង្ហាញពីពេលវេលាខុសៗគ្នា នៅផ្នែកផ្សេងៗគ្នាក្នុងផ្ទះខ្មែរមួយខ្នង។
អ្នកទស្សនាពិព័រណ៍តាមអ៉ីនធើណេតនេះ អាចមើលជុំវិញផ្ទះនេះបាន ហើយពួកគេនឹងប្រទះឃើញសម្លៀកបំពាក់របស់ស្ត្រី និងក្មេងស្រីជាច្រើននៅទីតាំងផ្សេងៗគ្នា។ ពួកគេអាចអាន ឬស្តាប់រឿងរ៉ាវក្នុងសម្លៀកបំពាក់នីមួយៗបានជាភាសាខ្មែរ ឬអង់គ្លេស។ Kasia Sumislawska ជាអ្នកបង្កើតពិព័រណ៍នេះបានបន្ថែមថា «ការតាំងពិព័រណ៍បែបនេះមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជាទេ»។ នេះ អ្នកថតរូប៣៦០ដឺក្រេ ជូលៀន ថូម៉ាស បាននិយាយថា “ឱកាសចូលរួមចំណែកក្នុងយុទ្ធនាការបែបនេះពិតជាអស្ចារ្យណាស់!” ។
នៅពេលសួរនាំអំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការតាំងពិព័រណ៍នេះ លោក Billy Gorter នាយកប្រតិបត្តិនៃអង្គការជីវិតនៅកម្ពុជា បានលើកឡើងថា «យើងសង្ឃឹមថា ការតាំងពិព័រណ៍នេះ នឹងមានអ្នកចូលរួមច្រើន ព្រោះវានឹងអនុញ្ញាតឱ្យយើងផ្សព្វផ្សាយសារដ៏សំខាន់ថា អ្វីដែលស្ត្រី ឬក្មេងស្រីម្នាក់ស្លៀកនៅពេលនាងរងគ្រោះពីអំពើហិង្សា ការយាយី ឬការរំលោភបំពានគឺមិនពាក់ព័ន្ធអ្វីនឹងគ្នាឡើយ»។
អង្គការជីវិតនៅកម្ពុជាមិនប្រើត្រឹមតែប្រព័ន្ធផ្សព្វផ្សាយសង្គម និងការតាំងពិព័រណ៍ដើម្បីដោះស្រាយ អំពើហិង្សាប្រឆាំងនឹងស្ត្រី និងកុមារនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។ តែពួកគេក៏មានក្រុមការងារខិតខំប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយអំពើហិង្សា ប្រឆាំងយែនឌ័រនៅក្នុងសហគមន៍ខេត្តសៀមរាបផងដែរ។ កម្មវិធីជីវិតគ្មានអំពើហិង្សា របស់ពួកគេ ធ្វើការដើម្បីកាត់បន្ថយអត្រាអំពើហិង្សាប្រឆាំងនឹងស្ត្រី និងកុមារនៅក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់ទៅលើ ស្ត្រី ក្មេងស្រី កុមារ គ្រួសារ និងសហគមន៍ទាំងមូល។
អស់រយៈពេល ១២ឆ្នាំមកនេះ អង្គការជីវិតនៅកម្ពុជា បានសួរសហគមន៍កម្ពុជាអំពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត ដែលពួកគេបានជួបប្រទះ ហើយអំពើហិង្សាក្នុងគ្រួសារតែងតែជាបញ្ហាមួយក្នុងចំណោមបញ្ហាចម្បងបីដែលពួកគេលើកឡើង។ ការលើកឡើងនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ បុរសកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ បានសារភាពថា ពួកគេធ្លាប់ប្រើអំពើហិង្សាទៅលើដៃគូរបស់គេ ដែលនេះ បង្ហាញពីទំហំនៃបញ្ហាអំពើហិង្សានៅកម្ពុជា។
ក្នុងចំណោមស្ត្រីទាំងអស់ដែលទទួលរងនូវអំពើហិង្សា មានតែស្ត្រីចំនួ២៤%ប៉ុណ្ណោះដែលស្វែងរកជំនួយ នេះអាចបណ្ដាលមកពីចំនួនអ្នកយល់ដឹងថាការប្រើអំពិហិង្សាជាអំពើល្មើសច្បាប់ ដែលមានតែចំនួន៨%ប៉ុណ្ណោះ។
«យើងដឹងថា អំពើហិង្សាកើតឡើងជាប្រចាំក្នុងគ្រួសារនិងជាកត្តារារាំងដល់ការអភិវឌ្ឍន៍នៅក្នុងសហគមន៍ទាំងមូល ដូច្នេះយើងធ្វើការជាមួយ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងអាជ្ញាធរមូលដ្ឋាន រួមទាំងប៉ូលីសផងដែរ ដើម្បីសហការជាមួយពួកគាត់ ក្នុងការជួយដល់ក្រុមគ្រួសារដោះស្រាយបញ្ហាអំពើហិង្សា។ យើងក៏ផ្តល់ការគាំទ្រដល់ការគ្រប់គ្រងករណី និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារផងដែរ»។ នេះការបញ្ជាក់របស់កញ្ញា ហុង សារិទ្ធិ អ្នកសម្របសម្រួលកម្មវិធីជីវិតគ្មានអំពើហិង្សា។
នៅពេលត្រូវបានសួរអំពីក្រុមការងាររបស់អង្គការជីវិតនៅកម្ពុជា ដែលធ្វើការរាល់ថ្ងៃដើម្បីដោះស្រាយអំពើហិង្សាលោក Billy Gorter បានឆ្លើយតបថា «ខ្ញុំមានការគោរពចំពោះក្រុមការងារនេះណាស់។ ពួកគេមិនដែលរំពឹងចង់បានការសរសើរចំពោះការងារដែលពួកគេធ្វើរាល់ថ្ងៃនោះទេ។ ពួកគេមានតែខិតខំធ្វើការងារដែលត្រូវធ្វើដើម្បីការពារស្ត្រី និងកុមារឱ្យជៀសផុតពីអំពើហិង្សា។ សូមអរគុណ! សេចក្តីមេត្តាករុណារបស់អ្នកទាំងអស់គ្នាពិតជាគួរឲ្យកោតសរសើរណាស់»។
«យើងដឹងថាការសហការគ្នា គឺជាមធ្យោបាយតែមួយគត់ដែលយើងអាចបញ្ចប់បញ្ហាជាសកលនេះ»។ គាត់បានបន្ថែម។
ការតាំងពិព័រណ៍តាមអ៊ិនធើណេតនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយក៏ជាថ្ងៃចុងក្រោយនៃយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។ លោកអ្នកអាចចូលរួមការតាំងពិព័រណ៍តាមអ៊ិនធើណេតនៅតំណនេះ https://thislife.ngo/not-her-fault៕