(កំពង់ចាម)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រាំងយ៉ាម ក្នុងស្រុកស្រីសន្ធរ បានអះអាងប្រាប់ថា អាជ្ញាធរបានឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធមួយ ចាប់ពីអាជ្ញាធរថ្នាក់មូលដ្ឋាន-ភូមិ-ឃុំ រហូតដល់អភិបាលស្រុកស្រីសន្ធរ ដែលរយៈពេលចុងក្រោយនេះ បានដើរបំផុសឱ្យប្រជាពលរដ្ឋ ដែលកាន់កាប់ដីអាស្រ័យផល ដែលជាដីព្រៃវាលបឹងជម្រកត្រីពងកូន អតីតដែនឡូត៍នេសាទរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រ ឃុំចំនួន៣ គឺឃុំបារាយណ៍, ឃុំប្រាំងយ៉ាម និងឃុំព្រែករំដេង ក្នុងស្រុកស្រីសន្ធរ ធ្វើការលក់ដីទៅឱ្យក្រុមឈ្មួញដែលមានមេខ្យល់រត់ការចាំទិញ។
ប្រជាពលរដ្ឋបានអះអាងបញ្ជាក់ថា មេភូមិ មេឃុំ និងអាជ្ញាធរស្រុក ឈរចាំស៊ីញ៉េ និងសម្រួលលើឯកសារទិញលក់ ដីព្រៃជម្រកត្រីពងកូនទាំងនោះទៅឲ្យឈ្មួញ។
លោក ធឿន ប៊ុនធី អាយុ៥៥ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅឃុំប្រាំងយ៉ាម បាននិយាយឱ្យដឹងថា គ្រួសារគាត់បានកាន់កាប់ដីបឹងអាស្រ័យផល នៅចំណុចបឹងត្រាំ ក្នុងឃុំប្រាំងយ៉ាម ដែលមានផ្ទៃក្រឡាដីប្រមាណជាង១ហិកតា ហើយគាត់បានលក់ទៅឱ្យមេគួកជេដីរបស់ឈ្មួញ គិតក្នុងតម្លៃមួយហិកតា ៣លានរៀល។ លោក ធឿន ប៊ុនធី បន្ថែមថា ពួកឈ្មួញដើរស្រាវជ្រាវរកគ្រួសារប្រជាពលរដ្ឋណាកាន់កាប់ដី នៅចំណុចខាងលើ គឺមេគួកជេដី ទាក់ទងទៅអាជ្ញាធរភូមិ-ឃុំ ដើម្បីទៅបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋព្រមលក់ រួចធ្វើឯកសារលក់ដីទៅឱ្យក្រុមឈ្មួញដែលគេឈរចាំទិញ។
ចំពោះពាក់ព័ន្ធនឹងឯកសរស៊ីញ៉េរបស់អាជ្ញាធរ-ឃុំ-ស្រុកវិញ គឺមេគួកជេដីរបស់ឈ្មួញជាអ្នករត់ការទាំងអស់។ លោក ធឿន ប៊ុនធី និយាយឱ្យដឹងបន្តថា ដីព្រៃលិចទឹកវាលបឹងជម្រកត្រីពងកូន ឈ្មួញកំពុងសម្រុកទិញនោះមានទំហំផ្ទៃធំធេង ដែលលាតសន្ធឹងចំនួន៣ឃុំខាងលើ។
មន្រ្តីមួយរូបនៅស្រុកស្រីសន្ធរបាននិយាយ ក្នុងលក្ខណៈសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា តាមលោកដឹងការបំផុសឱ្យប្រជាពលរដ្ឋលក់ដីព្រៃវាលបឹង ដែលជាអតីតដែនឡូត៍នេសាទរបស់រដ្ឋ នៅឃុំបារាយណ៍ គឺនៅចំណុចបឹងនួនស និងបឹងកក់, ឃុំប្រាំងយ៉ាម នៅចំណុចបឹងត្រាំ, ឃុំព្រែករំដេង នៅចំណុចបឹងក្រពើ គឺចាប់ផ្តើមកើតឡើងនៅអំឡុងពាក់កណ្តាលខែមករា រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៦នេះ លើផ្ទីដីបឹងរាប់ពាន់ហិកតា មកហើយ ហើយសកម្មភាពនេះកំពុងបន្តយ៉ាងខ្លាំង ដែលអាជ្ញាធរមូលដ្ឋាន រហូតថ្នាក់ស្រុក ឃុបឃិតគ្នាស៊ីញ៉េលើឯកសារទាំងទទឹងទិស ដោយមិនគិតពីផ្លូវច្បាប់ ខុសឬត្រូវយ៉ាងណានោះទេ។
ពាក់ព័ន្ធករណីខាងលើនេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺណាលោកអភិបាលស្រុកស្រីសន្ធរ បានទេ ។ ប៉ុន្តែប្រជាពលរដ្ឋស្ទើរពេញ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លា ទៅថ្ងៃអនាគតប្រសិនបើអាជ្ញធរគ្រប់ជាន់ថ្នាក់គ្មានការទប់ស្កាត់ទេ ដីបឹងដែនឡូត៍នេសាទជម្រកត្រីពងកូនរបស់រដ្ឋទាំងនោះ និងធ្នាក់ដល់ដៃក្រុមឈ្មួញទាំងអស់ ពិតជាបង្កការលំបាកដល់អ្នកភូមិ លែងបានប្រកបរបរនេសាទ និងដាំដុះអាស្រ័យផល៕