(សៀមរាប)៖ លោកវរសេនីយឯក ភឹង ចិន្តារ៉ែត បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្តិចថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៩៖០០នាទីកម្លាំងសមត្ថកិច្ច យើងបានទទួលព័ត៌មានពីធនាគារ ABA ថា មានជនសង្ស័យ ជាជនជាតិបរទេស ដូចជា បម្រុងលួចលេខកូដ ទូ ATM ទៀតហើយ។

លោកវរសេនីយឯក ភឹង ចិន្តារ៉ែត​ បានបន្តថា ដោយឮដូចនោះ កម្លាំងនគរបាលខេត្តសៀមរាប បានសហការគ្នាភ្លាម ដោយដាក់កម្លាំងឃ្លាំមើល ឃើញជនសង្ស័យ ជាជនជាតិបរទេស ឈ្មោះ ធ្វីកូស្សានីកូលៀវ អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិប៊ុលការី ចូលទៅក្នុងទូ ATM រួចរត់ចេញភ្លាម បន្ទាប់មកកម្លាំងបានតាម រកឃើញជនបរទេសនោះព្យាយាមលាក់វត្ថុតាង ក្ក្នុងបន្ទប់ទឹក នៃភោជនីដ្ឋានមួយក្បែរនោះ កម្លាំងក៏បានឃាត់ខ្លួនយកមកសួរតែម្តង ក្នុងកំឡុងម៉ោង ១១:៣០នាទី។ ដោយមានភស្តុតាងឧបករណ៏ សម្រាប់ថតយកលេខកូដកាត ATM របស់អតិថិជនមួយចំនួន ហើយថ្ងៃស្អែកសមត្ថកិច្ចជំនាញ នឹងផ្ដល់ជូននូវពត៌មានលំអិតបន្ថែមទៀត៕