(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ រថយន្តសង្គ្រោះបន្ទាន់ទី៤៣ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្តល់ជូនគិលានដ្ឋានមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ្ញ៉ា លី ហៀករតនា ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់អង្គភាព និងប្រជាពលរដ្ឋ នៅក្នុងតំបន់។

នៅក្នុងឱកាសនោះ ក្នុងនាមនាយនាវី នាយនាវីរង ពលនាវិក ទូទាំងមូលដ្ឋានសមុទ្រ លោកឧត្តមនាវីឯក អ៊ុក សីហា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងបានយកចិត្តទុក្ខដាក់ គិតគូរពីបញ្ហាសុខទុក្ខរបស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទៅ។

លោកថា ជាក់ស្តែង នាថ្ងៃនេះសម្តេចបានប្រគល់រថយន្តសង្គ្រោះបន្ទាន់ទី៤៣ ចំនួន១គ្រឿង ដល់អង្គភាពមូលដ្ឋានសមុទ្រ ហើយនាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានត្រៀមនូវថវិកា ដើម្បីបញ្ជាទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន១០លានដុស ដោយមិនពុំយកថវិកា។

ក្នុងឱកាសនោះ លោកមេបញ្ជាការ សូមគោរពជូនពរសម្តេចទាំងទ្វេរ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំ មាតុភូមិកម្ពុជាដ៏បវរនៃយើង ឲ្យកាន់តែមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ប្រកបដោយសប្បុរសធម៌របស់លោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀក រតនា ដែលបានចូលរួមចំណែកជួយដល់សង្គមជាតិ និងវិស័យការពារជាតិ សូមគោរពជូនពរ លោកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរណ៍ សុភមង្គល កម្លាំងពលំមាំមួន និងសមប្រកបទៅដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕