(ភ្នំពេញ)៖ អបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២០ ក្រោមប្រធានបទ «សិទ្ធិ និងសន្តិភាព» លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រី្ត និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសឈានមុខគេនៅអាស៊ី ដែលទទួលយកលិខិតតុបករណ៍សិទ្ធិមនុស្សសំខាន់ៗចំនួន៨ ក្នុងចំណោម០៩ ខណៈរដ្ឋធម្មនុញ្ញកម្ពុជា មិនមានច្បាប់ប្រហារជីវិត និងបានអនុញ្ញឱ្យមានវត្តមានអ្នករាយកាណ៍ពិសេសអង្គការសហប្រជាជាតិ នៅកម្ពុជា។

ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បានប្រកាសឱ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ធិសេរីភាព និងស្មើភាពគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។

នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ទិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៏ពិពាហ៏ និងសិទ្ធិប្រកបការងារជាដើម.។ល។ របបប្រល័យពូជសាសន៍ ប៉ុលពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំងឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់ជាង៣លាននាក់ នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។

ក្រោយពេលប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ១៩៧៩ គឺសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវបានទទួលពេញលេញឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សិទ្ធិសេរីភាព គឺបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។

មេសិទ្ធិមនុស្សកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានយកចិត្តទុកដាក់ខ្ពស់បំផុតមិនឱ្យប្រជាជន ណាម្នាក់ស្លាប់ដោយសារតែអត់បាយ នេះជាការលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត។ ក្រៅពីនេះទៀតយើងសង្កេតឃើញស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាពទឹកជំនន់ រាជរដ្ឋាភិបាល ព្រមទាំងការងារកាកបាទក្រហមកម្ពុជា យុវជន កងទ័ព ក្រុមការងារមនុស្សធម៌ និងថ្នាក់ដឹកនាំទាំងអស់រួមកម្លាំងគ្នា ដើម្បីជួយដល់ប្រជាជនរងគ្រោះឱ្យទាន់ពេលវេលា នេះជាចំណុចសំខាន់មួយដែលរាជរដ្ឋាភិបាលបានលើកស្ទួយសិទ្ធិរស់រានមានជីវិត ហើយក្រៅពីនេះរាជរដ្ឋាភិបាលទម្លាក់នូវកញ្ចប់ថវិកា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្រ១ ក្រ២ ក្នុងទំហំទឹកប្រាក់ជាង ២៥លានដុល្លារ ជារៀងរាល់ខែ»

លោក កែវ រ៉េមី បានបន្ថែមយ៉ាងដូច្នេះថា៖ «ច្បាប់របស់យើងមានលក្ខណៈល្អប្រសើរ រដ្ឋធម្មនុញ្ញ បានបង្ហាញពីទោសប្រហារជីវិតមិនមាន ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញទាំងមូល សឹងតែនិយាយពីបញ្ហាសិទ្ធិមនុស្សទាំងអស់ ហើយក្រៅពីនេះអ្វីដែលសំខាន់បំផុត គឺលិខិតតុបករណ៍សិទ្ធិមនុស្សសំខាន់ៗចំនួន០៩ ដែលជាលិខិតតុបករណ៍គោលរបស់សិទ្ធិមនុស្ស កម្ពុជាបានអនុម័តទទួលយកចំនួន០៨ នៅលើ០៩ ដែលជាចំណុចមួយសឹងតែ១០០ភាគរយ ដែលជានាំមុខនៅក្នុងតំបន់អាស៊ី នេះជាចំណុចជាក់ស្តែងយើងសង្កេតឃើញនូវការវាយតម្លៃខ្ពស់»

លោក កែវ រ៉េមី បានគូសបញ្ជាក់ថា «ថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីលោកបានអនុញ្ញាត បន្តអាណត្តិរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលនឹងផុតអាណត្តិរបស់ខ្លួននៅក្នុងខែ១២នេះ អញ្ចឹង ខ្ញុំសូមជម្រាបជូនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យើងមានឆន្ទះខ្ពស់ហ៊ានបន្តនូវវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ជារៀងរាល់ ២ឆ្នាំម្តង ហើយនឹងអ្នករាយការណ៍ពិសេសអង្គការពិសេសអង្គការសហប្រជាជាតិ»៕

សូមស្តាប់ប្រសាសន៍របស់លោក កែវ រ៉េមី មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖