(បន្ទាយមានជ័យ)៖ ដើម្បីបង្ការ និងទប់ស្កាត់ពលករឆ្លងដែន ពិសេសការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងវរសេនាតូចនគរបាលព្រំដែនគោក៩១១ កម្លាំងអធិការនគរបាលស្រុកអូរជ្រៅ កម្លាំងប៉ុស្តិ៍អូរបីជាន់ និងកម្លាំងប៉ុស្តិ៍ព្រំដែនអូរបីជាន់ បានចុះធ្វើការត្រួតពិនិត្យ និងឆែកឆេទៅលើមធ្យោបាយធ្វើដំណើរទាំងតូចទាំងធំ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតនៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះ ធ្វើឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកវរសេនីយ៍ទោ ទៀប គឹមហេង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ទៀប គឹមហេង បានឲ្យដឹងថា សកម្មភាពខាងលើនេះដែរ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចុះបេសកកម្មសហការជាមួយកម្លាំងចំរុះ ចុះធ្វើការត្រួតពិនិត្យ និងឆែកឆេទៅលើមធ្យោបាយធ្វើដំណើរទាំងតូចទាំងធំ ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសជួញដូរមនុស្សខុសច្បាប់នៅតាមបន្ទាត់ព្រំដែន ជាពិសេសពិនិត្យទៅលើពលករ ដែលឆ្លងដែនទាំង ប្រថុយប្រថាន តាមការញុះញង់ និងចាត់តាំងពីសំណាក់អ្នករត់តាក់ស៊ី ដែលបានគប់គិតគ្នាជាមួយមេខ្យល់។

លោកវរសេនីយ៍ទោបញ្ជាក់ថា ការចុះបេសកកម្មនេះ មានរយៈពេល១ខែពេញ ដោយចល័តទៅតាមគោលដៅ នៅក្នុងភូមិសាស្ត្រតាមបន្ទាត់ព្រំដែន។ លោកបញ្ជាក់ថា នៅពេលជួបពលករដែលឆ្លងដែនចំណាកស្រុកទៅប្រទេសថៃខុសច្បាប់ ត្រូវសម្ភាសពួកគាត់ស្វែងរកមេខ្យល់ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែក ប្រសិនបើពួកគាត់ឡើងទៅដោយខ្លួនឯង ឬតាមរយៈបងប្អូនសាច់ញាតិ កម្លាំងត្រូវធ្វើការទប់ស្កាត់ និងអប់រំ។

ទន្ទឹមនោះ លោកបានសំណូមពរដល់កងកម្លាំងមូលដ្ឋាន ដែលនៅជាប់ព្រំដែន ជួយសហការគ្នាឲ្យបានរលូន ដើម្បីទទួលបាននូវជោគជ័យក្នុងការងាបេសកកម្មនេះ។

ជាងនេះទៅទៀត លោកវរសេនីយ៍ទោ ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រជាពលរដ្ឋត្រូវរក្សារសុខភាពអនាម័យបរិស្ថានឲ្យបានល្អ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ លាងដៃនឹងសាប៊ូ ឬអាលកុលឲ្យបានញឹកញាប់ ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ១៩៕