(កណ្ដាល)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥,០០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ។
សូមជម្រាបជូនថា លោកបណ្ឌិត និងលោកស្រី តែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីក្នុងបុព្វហេតុមនុស្សធម៌ សប្បុរសធម៌ និងសង្គមជាតិនៅគ្រប់កាលៈទេសៈមិនដែលខកខានឡើយ។ ជាក់ស្តែង ក្នុងពេលទទួលរងនូវគ្រោះទឹកជំនន់ដែលកន្លងទៅថ្មីៗនេះ លោកបណ្ឌិត និងលោកស្រី ព្រមទាំងក្រុមការងារ បានបរិច្ចាគ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់គិតជាថវិកាសរុបចំនួនជាង ២៥,០០០ដុល្លារអាមេរិក ឧបត្ថម្ភការសាងសង់អគារថ្មីនៃមន្ទីរពេទ្យកាល់ម៉ែត ២,០០០ដុល្លារអាមេរិក ហើយក្នុងរយ:ពេលកន្លងមកបានរួមចំណែកជាមួយអង្គការ សប្បុរសជនជប៉ុនសាងសង់អគារសិក្សាចំនួន ១៥៧ខ្នង ស្មើ ៦៥០បន្ទប់ និងសមិទ្ធផលផ្សេងៗគិតជាទឹកប្រាក់សរុបជិត ៩លានដុល្លារអាមេរិកទៀតផង ៕