(ព្រៃវែង)៖ ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករនៅខេត្តព្រៃវែង នៅឆ្នាំ២០២០ បានទិន្នផលល្អប្រសើរដោយសារល្បាយទឹកភ្លៀង បានធ្លាក់រាយប៉ាយនៅទូទាំងខេត្ត និងក៏ដោយសារមានហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង ធ្វើឲ្យខេត្តមួយនេះប្រមូលផលស្រូវវស្សា គិតត្រឹមថ្ងៃទី៧ ខែធ្នូ សរុប ២១៤,៦៥២ហិកតា និងបរិមាណផល ៦៩២,៣០២តោន ខណៈទិន្នផលមធ្យម ៣.២៣តោន ក្នុង១ហិកតា។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យភ្នាក់ងារ Fresh News ដឹងនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារខេត្តព្រៃវែង គឺជាខេត្តមួយដែលអំណោយផលដល់វិស័យកសិកម្ម និងដោយមានការយកចិត្តទុកដាក់ពីក្រសួងកសិកម្ម ក៏ដូចជាអភិបាលខេត្ត និងមន្ទីរកសិកម្មផងនោះ ធ្វើឲ្យខេត្តមួយនេះជាប់ចំណាត់ថ្នាក់លេខ១ ខាងវិស័យកសិកម្ម នៅឆ្នាំ ២០១៩- ២០២០។
លោកបន្តថា កម្រិតទឹកភ្លៀងក៏មានភាពល្អប្រសើរនៅក្នុងឆ្នាំនេះ ធ្វើឲ្យទិន្នផលស្រូវមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសដោយសារមានហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង និងផ្លូវគនាគមន៍ជាច្រើនក្នុងខេត្ត ដែលនាំឲ្យវិស័យដឹកជញ្ជូនទាំងផ្លូវទឹក និងផ្លូវគោកមានភាពងាយស្រួល ក្នុងការដឹកកសិផលទៅកាន់ទីផ្សារ និងប្រទេសជិតខាងផងដែរ។
លោកបន្ថែមថា ល្បឿនបង្កបង្កើនផល ស្រូវប្រាំងវិញគិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប្រជាកសិករបានព្រួសស្រូវសរុបលើផ្ទៃដី ៥៣.០០៣ ហិកតា និងស្រូវស្រាល ៥៣.០០៣ហិកតា។ ផលប៉ះពាល់ និងខូចខាតដំណាំស្រូវ ដោយជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះ មាន ១០ ស្រុក បានប៉ះពាល់សរុប ៣,៨៨៦ ហិកតា ខូចខាតសរុប ៣.៥៨០ ហិកតា និងស្ដារ ឡើងវិញ ៣.៥៨០ហិកតា ។
ចំពោះល្បឿនបង្កបង្កើនផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លីរដូវប្រាំង អនុវត្តន៍សរុប ៦៣០ ហិកតា ក្នុងនោះបន្លែគ្រប់មុខ ៦៣០ហិកតា និងដំណាំឧស្សាហកម្មអនុវត្តន៍សរុប ១,៩៤០ ហិកតា ដំណាំពោតក្រហម ១,៣៨០ ហិកតា សណ្ដែកបាយ ៥១៩ ហិកតា សណ្ដែកដី៧ហិកតា ដំណាំល្ង ១ហិកតា អំពៅ ៣ហិកតា ឈូក ៣០ហិកតា។
ចំណែកការនាំស្រូវចេញទៅលក់នៅប្រទេសវៀណាម គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៥ ខែធ្នូឆ្នាំ២០២០ បានស្រូវនាំចេញសរុប ៧១៩,៦៩៣ តោន តម្លៃស្រូវ IR504 តម្លៃ ១,០៤០ រៀល និងស្រូវបានតម្លៃ OM5451 តម្លៃ១,០០០រៀល ស្រូវចម្រុះបានតម្លៃ១,០៦០ រៀលនិងស្រូវផ្ការំដួលតម្លៃ ១,១៥០ រៀលផងដែរ៕