(ប៉ៃលិន)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានរៀបចំមហាស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ ដោយមានការចូលរួមពីបេក្ខជន បេក្ខនារី មកពី ៨ឃុំ/សង្កាត់ ទូទាំងខេត្ត ស្ថិតក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។ មហោស្រពបានធ្វើឡើងនៅ រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅពហុកីឡាដ្ឋានភ្នំចេក ស្ថិតនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០នេះ មានការចូលរួមពីសំណាក់បេក្ខជន-បេក្ខនារី តាមបណ្តាឃុំ/សង្កាត់ ទាំង០៨ ដោយមាន ១៦ខ្លែង បូករួមទាំងខ្លែងរបស់មន្ទីរចូលរួមបង្ហើរជានិមិត្តរូបផងដែរ។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ការរៀបចំការប្រកួតប្រជែងក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី០១ ឆ្នាំ២០២០នេះ ក្នុងគោលបំណងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានស្គាល់ បានយល់កាន់តែច្បាស់ អំពីភាពសម្បូណ៍បែបនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដោយបានបង្កប់នូវអត្តសញ្ញាណជាតិដ៍រឹងមាំ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជាការរំលឹកគុណូបការៈរបស់បុព្វបុរសខ្មែរយើង ដែលបានបន្សល់ទុកនូវស្នាដៃដែលមិនអាចកាត់ថ្លៃបានសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។

លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរវប្បធម៍និងវិចិត្រសិល្បៈខេត្ត ត្រូវយកចិត្តទុកដាក់ ព្រមទាំងសហការគ្នា ពង្រឹងពង្រីក និងបំផុសឲ្យមានការចូលរួមរាល់គ្រប់សកម្មភាពពីប្រជាពលរដ្ឋ និងស្រទាប់យុវជននានា ដែលទាក់ទងទៅនឹងសិល្បៈវប្បធម៌ថ្មីៗ ដើម្បីអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅតាមសហគមន៍ឲ្យបានស្ថិតស្ថេរគង់វង្ស។

នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ នេះ បានធ្វើការប្រកួតប្រជែងរយៈពេលពេញ១ ថ្ងៃ ហើយជាលទ្ធផល រួមមាន៖ ខ្លែងសង្កាត់ប៉ៃលិន មានឈ្មោះ «ខ្លែងឯកបារមីលោកយាយយ៉ាត» ទទួលបានជ័យលាភីលេខ ០១ ខ្លែងឃុំសាលាក្រៅ មានឈ្មោះ «ខ្លែងឯកឃុំសាលាក្រៅ» ទទួលបានជ័យលាភីលេខ ០២ និងខ្លែងសង្កាត់អូតាវ៉ៅ មានឈ្មោះ «ខ្លែងឯកសម្រស់ភ្នំខៀវមានសិទ្ធ» ទទួលបានជ័យលាភីលេខ ០៣៕