(ភ្នំពេញ)៖ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ៤៧៩គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៣០៥គ្រឿង និងរថយន្ត ១៧៤គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យអគ្គស្នងការ រយៈពេល២២៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៣១,៦៧១គ្រឿង ក្នុងនោះមានម៉ូតូ ១៧០,៦៣៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦១,០៣៧គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក លើសចំណុះ អត់ស្លាកលេខ ប្រើប្រាស់ទូរស័ព្ទដៃ និងស្រវឹងជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង អត់បណ្ណបើកបរ ស្រវឹង អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល២២៣ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១១លើក ក្នុងនោះស្លាប់ ០៣នាក់ របួស ១៣នាក់ (របួសធ្ងន់ ០៩នាក់)។
ដោយឡែក រយៈពេល២២៣ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៨២៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩២២នាក់ របួស២,៧៣៦នាក់ (របួសធ្ងន់ ១,៦៥៧នាក់)៕