(ភ្នំពេញ)៖ ៥គោលដៅទៀតហើយ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ។ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ ។
គួរបញ្ជាក់ថា យោងតាមលទ្ធផលត្រួតពិនិត្យអ្នកបើកបរស្រវឹង នៅថ្ងៃទី១៣ ខែកុម្ភៈ បានបង្ហាញថា គ្មានការឃាត់ខ្លួនបាន អ្នកបើកបរនោះទេ។ តែរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា រយៈពេល ១៣ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរស្រវឹង ៧៣នាក់ ក្នុងនោះមានរថយន្ត ១២នាក់ និងម៉ូតូ ៦១នាក់ ដែលមានកំរិតជាតិស្រវឹង ០.៤៨ ទៅដល់ ១.៣០។
រៀងរាល់ថ្ងៃកម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្តដាក់ជាប់ជាប្រចាំ នៅតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ហើយនៅក្នុងការប៉ុស្តិ៍ត្រួតពិនិត្យនេះ កម្លាំងប៉ូលិសធ្វើការផ្តោតសំខាន់ លើការពិនិត្យល្បឿន និងបាញ់ល្បឿនយានយន្ត។
យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ចសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕