(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ទទួលបានពានរង្វាន់ «ប្រព័ន្ធទូទាត់នាពេលអនាគត» ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។
ធនាគារជាតិនៃកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាមួយរូបនេះទទួលបានពានរង្វាន់ «ប្រព័ន្ធទូទាត់នាពេលអនាគត» ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។
លោកស្រី ជា សិរី ត្រូវបានបោះឆ្នោតជ្រើសរើសដោយសាធារណជនតាមប្រព័ន្ធអនឡាញ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាព និងជា game-changer ក្នុងផ្នែកទូទាត់។
ជាក់ស្ដែងដោយមើលឃើញពីការទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ពុំទាន់មានលទ្ធភាពអាចធ្វើការទូទាត់ឆ្លងគ្រឹះស្ថានបាន ហើយគ្រឹះស្ថានភាគច្រើនបានរៀបចំប្រព័ន្ធទូទាត់សម្រាប់បម្រើសេវាជូនតែអតិថិជនរបស់គ្រឹះស្ថានផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលគ្រឹះស្ថានមួយចំនួនទៀតបានសហការផ្តល់សេវាទូទាត់ជាលក្ខណៈទ្វេភាគីជាមួយដៃគូរបស់ខ្លួន។
កត្តាទាំងនេះធ្វើឲ្យមានផលពិបាកសម្រាប់អតិថិជន ក្នុងការទូទាត់នឹងផ្ទេរប្រាក់ ថែមទាំងធ្វើឱ្យមានកម្រៃខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំផ្ទាល់ដោយលោកស្រី ជា សិរី បានបានអភិវឌ្ឍប្រព័ន្ធបាគង ដែលប្រព័ន្ធនេះដើរតួនាទីជាប្រព័ន្ធទូទាត់កន្លោង (Backbone payment system) សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់តភ្ជាប់ទៅនឹងបំណ្តុំរួមតែមួយ។
ប្រព័ន្ធបាគងជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ស្នូលសម្រាប់ផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាសមាជិក អាចធ្វើប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងប្រព័ន្ធគ្នាទៅវិញទៅមក (Interoperability) ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព មិនគិតកម្រៃសេវាផ្ទេរប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
ទន្ទឹមនេះប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន (Blockchain) ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
ប្រព័ន្ធបាគង បាននិងកំពុងចូលរួមក្នុងការជំរុញការទូទាត់ (មិនប្រើសាច់ប្រាក់) ដែលយើងសង្កេតឃើញថា តម្រូវការទូទាត់អេឡិចត្រូនិកមានការកើនឡើង ក្នុងបរិការណ៍ប្រទេសកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។
ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀតដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់៕