(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់វិភាកទានចំនួន ៧លានដុល្លារ ក្នុងមូលនិធិសម្រាប់អភិវឌ្ឍន៍ ACMECS ។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ការប្រកាសនេះបានបង្ហាញឡើង នៅកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូ ដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមួយនេះ។
លោក កៅ គឹមហួន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្របខណ្ឌយោងមូលនិធិសម្រាប់អភិវឌ្ឍន៍ ACMECS ។ នៅក្នុងក្របខណ្ឌនេះ គឺថៃបានប្រកាសសន្យាដាក់វិភាគទាន ២០០លានដុល្លារ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសដែរថា កម្ពុជានឹងដាក់ ៧លានដុល្លារ ក្នុងមូលនិធិនេះ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ប្រទេសទាំង៥ នេះ។
ក្រោមមូលបទ «ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ» កិច្ចប្រជុំកំពូល ACMECS លើកទី៩ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេសលើវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យដែលនឹងដើរតួនាទីជាក្របខណ្ឌសាមគ្គីភាពដ៏សំខាន់ សម្រាប់ថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នាក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។
បើតាមលោក កៅ គឹមហួន, ក្នុងកិច្ចប្រជុំនេះ ក៏បានគូសបញ្ជាក់ពីប្រទេស និងដៃគូអភិវឌ្ឍន៍ ACMECS ផងដែរ ដែលនៅក្នុងក្រុមទី១ រួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងសហរដ្ឋអាម៉េរិក។ ចំណែកឯក្រុមទី២ នៃប្រទេស និងដៃគូអភិវឌ្ឍន៍ ACMECS រួមមានអ៉ីស្រាអែល ណូវែលហ្សេឡង់ បូកថែមទាំងអង្គការអន្តរជាតិ និងស្ថាប័នអន្តរជាតិផ្សេងៗទៀត។
សូមរំលឹកថា ACMECS គឺជាអង្គការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ក្នុងចំណោមប្រទេសក្នុងអនុតំបន់ទាំង៥ រួមមាន ថៃ ឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ ACMECS ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងជាលើកដំបូង ដោយលោក ថាក់ស៉ីន ស៉ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពី SARS ដែលប្រារព្ធធ្វើនៅទីក្រុងបាងកក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៣៕