(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន បានដឹកនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះមកពិនិត្យសុខភាព ព្យាបាល និងពិគ្រោះជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋសរុបប្រមាណ ២,៥០០នាក់។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានរៀបចំធ្វើនៅក្នុងសាលាបឋមសិក្សាចិន-ឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានថ្លែងអំណរគុណចំពោះវត្តមាន លោក ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ។
ជាមួយនេះ លោកអភិបាល បានចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន ដោយឧបត្ថម្ភថវិកាចំនួន ៧,៧៧៦,០០០រៀលផងដែរ៕