(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំលើកទី៣៧ ដើម្បីពិភាក្សាគ្នាលើប្រធានបទ «ការពង្រីកវិសាលភាពរបបសន្តិសុខសង្គម»

ប្រធានកិច្ចប្រជុំដ៏សំខាន់មួយនេះគឺលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងនាមតំណាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ដោយមានការចូលរួមពីតំណាងប្រធានសន្តិសុខសង្គមអាស៊ានទាំង ១០ ប្រទេស សរុបចំនួន ២១ ស្ថាប័ន។ តំណាងកម្ពុជាបានបង្ហាញនូវការស្វាគមន៍ចំពោះគណៈប្រតិភូនៃបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។

លោក អ៊ុក សមវិទ្យា បានថ្លែងថា ក្នុងរយៈពេលជាង ៥៣ ឆ្នាំកន្លងមកនេះ អាស៊ានសម្រេចបានសមិទ្ធផលចម្បងជាច្រើន ជាពិសេសសមិទ្ធផលថ្មីៗក្នុងការកសាងសហគមន៍អាស៊ានទៅតាមសរសរស្តម្ភទាំងបី គឺសហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។ អាស៊ានក៏បានមើលឃើញអំពីបញ្ហាប្រឈម និងកិច្ចការជាច្រើននៅចំពោះមុខ ដែលតម្រូវឱ្យមានការរួបរួមគ្នាពុះពារជម្នះ និងដោះស្រាយ ក្នុងស្ថានភាពដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងសភាពការណ៍នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ទាំងក្នុងកម្រិតសកល និងទាំងក្នុងកម្រិតតំបន់។

ប្រការនេះតម្រូវឱ្យសមាជិកអាស៊ានទាំងអស់គ្នាបង្កើនការខិតខំទ្វេដងបន្ថែមថែមទៀត នៅក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនៅតែបន្តឆ្លងក្នុងតំបន់ និងជាសកល ដែលត្រូវខិតខំរួបរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកផ្លៃផ្កានៃកំណើននេះឱ្យបានកាន់តែប្រសើរឡើង ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសលើផ្នែករបបសន្តិសុខសង្គម ។

លោក អ៊ុក សមវិទ្យា បានវាយតម្លៃខ្ពស់ចំពោះអង្គភាពសន្តិសុខសង្គម ជាសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ានទាំងអស់ និងអង្គការជាតិ-អន្តរជាតិ ដែលបានគាំទ្រ និងផ្តល់នូវកិច្ចសហការកន្លងមកលើវិស័យសន្តិសុខសង្គម ក៏ដូចជាទៅអនាគតក្នុងការចូលរួមចំណែកចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍប្រទេសក្រោមបាវចនា «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»

លោកបានបន្តថា ចាប់តាំងពីបេឡាជាតិសន្តិសុខសង្គម ចូលជាសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ានកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ននេះ ប.ស.ស. ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងជាច្រើនខាងវិស័យសន្តិសុខសង្គម ព្រមទាំងមានការកោតសរសើរពីស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការលើកកម្ពស់ឧត្តមភាពនៃការគ្រប់គ្រងចាត់ចែងប្រព័ន្ធសន្តិសុខសង្គម និងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមប្រកបដោយថាមវន្ត។

លោកអគ្គនាយកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលមានលក្ខណៈទូលំទូលាយផ្តោតលើសសរស្តម្ភចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលក្របខណ្ឌគោលនយោបាយមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលសេវាជំនួយសង្គម និងសន្តិសុខសង្គម សម្រាប់មន្ត្រីសាធារណៈ និងវិស័យឯកជន ព្រមទាំងប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់រាជរដ្ឋាភិបាល ទៅលើការគាំពារសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគឺការផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ និងបានផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីមានផ្ទៃពោះជាអាទិភាព ក្នុងនោះ ប.ស.ស. គឺជាប្រតិបត្តិករតែមួយគត់ក្នុងការអនុវត្តទៅលើប្រព័ន្ធសន្តិសុខសង្គម។

ទន្ទឹមគ្នានេះ បេឡាជាតិសន្តិសុខសង្គមកម្ពុជាបានសម្រេចការងារសំខាន់ៗ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះយុទ្ធសាស្ត្រជាអាទិភាពទី៤ «ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ» ដែលរួមមានការពង្រឹង និងពង្រីកការអនុវត្តផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងត្រៀមដាក់ឱ្យដំណើរការផ្នែកប្រាក់សោធននាពេលដ៏ខ្លីខាងមុខនេះ ព្រមទាំងពង្រីកវិសាលភាពលើរបបសន្តិសុខសង្គមដែលមានស្រាប់ សំដៅបង្កើនការគាំពារដល់ប្រជាពលរដ្ឋគ្រប់រូប។

លោកអគ្គនាយកបានរំលឹកឱ្យដឹងទៀតថា វិស័យសន្តិសុខសង្គមនៅកម្ពុជា ត្រូវបានអនុវត្តអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារឆ្នាំ២០០២ ដែលបច្ចុប្បន្នមានវិសាលភាពគ្របដណ្តប់លើផ្នែកចំនួន ៤ រួមមានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ សំដៅធានាបានប្រសិទ្ធភាព និរន្តរភាព សង្គតិភាពនៃការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ស្របតាមបរិបទនៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ ហើយគិតមកទាល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមកម្ពុជាមានសមាជិកសរុបជាង ២,០០០,០០០ នាក់ហើយ ដែលកំពុងទទួលបានការគាំពារ និងប្រើប្រាស់សេវារបបសន្តិសុខសង្គមមួយនេះ។

តាមរយៈនៃកិច្ចប្រជុំនេះ លោក អ៊ុក សមវិទ្យា បានសំណូមពរដល់សមាជិកទាំងមូលចូលរួមចែករំលែកផ្តល់នូវបទពិសោធន៍ផ្នែកសន្តិសុខសង្គមពីគ្នាទៅវិញទៅមក ក្នុងនាមជាសមាជិកអង្គភាពសន្តិសុខសង្គមនៃបណ្តាប្រទេសនីមួយៗ ក្នុងការអនុវត្តទទួលបានជោគជ័យកន្លងមក ដើម្បីជាធាតុចូលសម្រាប់ការអភិវឌ្ឍបន្ថែមនូវវិស័យសន្តិសុខសង្គមរបស់ខ្លួនឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត សម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចឱ្យមានការអភិវឌ្ឍកាន់តែច្រើន។

សូមបញ្ជាក់ថា មុនបើកដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាននាព្រឹកនេះ លោក Haji Omar bin Mohd. Dali ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន និងជានាយកនៃអង្គភាព ETF ប្រទេសព្រុយណេ បានថ្លែងតាមរយៈប្រព័ន្ធវីដេអូដែលមានខ្លឹមសារថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ និងជាលើកទីមួយហើយដែលយើងមិនធ្លាប់ជួបប្រទះពីមុន ដែលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។

លោក Haji បានថ្លែងបន្តទៀតថា បើទោះបីជាយ៉ាងណាក៏ដោយ ក៏លោកសង្ឃឹមថាកិច្ចប្រជុំនាថ្ងៃនេះនឹងជំរុញការទំនាក់ទំនងរវាងប្រទេសជាសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ាន ឱ្យកាន់តែមានភាពជិតស្និទ្ធ និងពង្រឹងចំណងរួមគ្នា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានានៃកិច្ចដំណើរការលើវិស័យសន្តិសុខសង្គមតាមបណ្តាប្រទេសរបស់ខ្លួន៕