(ពោធិ៍សាត់)៖ រថយន្តISUZU ប្រភេទ Pick-up មួយគ្រឿង និងសម្ភារបរិក្ខារួមមានអាល់កុល ជែល ២ពាន់ដប និងម៉ាស ៥ម៉ឺនម៉ាស់) ជាអំណោយដ៏ថ្លៃថ្លា របស់សភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការងារប្រចាំថ្ងៃ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ពិធីប្រគល់-ទទួលអំណោយ និងសម្ភារបរិក្ខាខាងលើ ត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩, លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោកស្នងការរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តជាច្រើនផ្សេងទៀត។

ក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន បានថ្លែងថា ពិធីប្រគល់-ទទួលរថយន្ត និងសម្ភារបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាថ្ងៃនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ និងចែករំលែកធនធានផ្ទាល់ខ្លួនរបស់សភាពាណិជ្ជកម្មខេត្ត សំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាព ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ទាំងអស់ ត្រូវចេះបង្ការទប់ស្កាត់ និងធ្វើអនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការការពារជំងឺកូវីដ-១៩ កុំឱ្យឆ្លងដល់ជួរកងកម្លាំង ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់៕