(ព្រះសីហនុ)៖ ទីក្រុងឆាងវ៉ុន ស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ និងជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា បានផ្ដល់រថយន្តពន្លត់ អគ្គីភ័យចំនួន៣គ្រឿង ក្នុងដំណាក់កាលដំបូងជូនសាលាខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់ការពារសុវត្ថិភាពប្រជាជននៅជុំវិញខេត្ត តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង។
ពិធីប្រគល់ទទួលនេះបានប្រព្រឹត្តទៅដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក Heo Seong-moo អភិបាលក្រុងឆាងវ៉ុន និងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។
លោក ឡុង ឌីម៉ង់ ជំនួសមុខឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ បានថ្លែងអំណរគុណជូនភាគីមិត្តកូរ៉េខាងត្បូង ដែលមានសណ្តានចិត្តជួយចែករំលែកនូវរថយន្ត និងសម្ភារៈបរិក្ខារក្នុងវិស័យសង្គ្រោះបន្ទាន់នេះ ដែលស្ថានភាពនៃការរីកចម្រើន អភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី៣ របស់កម្ពុជា ហើយពិតជាត្រូវការកិច្ចសហប្រតិបត្តិការ ទាំងភ្នែករឹង និងផ្នែកទន់ ក្នុងការបង្ការទប់ស្កាត់ ក៏ដូចជាសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះ មហន្តរាយជាយថាហេតុ។
ឆ្លើយតបនិងសំណូមពរបន្ថែមលោក ឡុង ឌីម៉ង់ សាលាក្រុងឆាងវ៉ុន បានឯកភាពក្នុងការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពិសេសរយៈពេលមធ្យមដល់មន្ត្រីនគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់របស់ខេត្តព្រះសីហនុ ឲ្យបានទៅរៀនសូត្រ និងអនុវត្តជាក់ស្ដែងនៅកូរ៉េផងដែរ។
ស្ថានទូតកម្ពុជា បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការក្នុងកម្រិតថ្នាក់មូលដ្ឋាននេះ ដែលសបញ្ជាក់បង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ហើយស្ថានទូតនឹងបន្តជំរុញលើកកំពស់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានបែបនេះ ជាមួយខេត្តក្រុងកូរ៉េបន្តទៅមុខទៀត។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេលប្រមាណ ២ខែចុងក្រោយនេះ សាលាក្រុងសេចុងបានផ្ដល់ជូនរថយន្តសង្គ្រោះបន្ទាន់ ២គ្រឿងជូនសាលាខេត្តបាត់ដំបង, សាលាក្រុងស៊ូវ៉ុន បានផ្ដល់ជូនរថយន្តដឹកសំរាម ១គ្រឿង និងម៉ាសចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាប តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េផងដែរ៕