(ភ្នំពេញ​)៖​ ករណី​ភាគី​ចាញ់ក្ដី​ មិន​ព្រម​អនុវត្ត​តាម​សាលដីកា ​តុលាការ​កំពូល​ប្រគល់​ផ្ទះ​ទៅ​ឲ្យ​ភាគី​ឈ្នះ​ក្ដី​ រហូត​ឈាន​ដល់​ការ​យក​ប្រេង​សាំង ​ចាក់​លើ​សម្រក​កង់​ឡាន​ បង្ក​ជា​អគ្គិភ័យ​ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ រហូត​មក​ទល់​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦នេះ​ លោក​ សេង​ លាង​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃុំ​ខ្លួន​បងប្អូន​បង្កើត​ពីរនាក់​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​។

ប្រភពព័ត៌មាន​បានឲ្យ​ដឹង​ថា​ បងប្អូន​ស្រី​ពីរ​នាក់​នេះ​ឈ្មោះ​ ស៊ឹង​ សូណេ​ និង​ឈ្មោះ​ សឹង​ សំណាង​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ​ពី​បទ​ប្រឆាំងអ្នក​រាជ​ការ​សាធារណៈ​ និង​ពីបទធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់​ទោស ​ដោយ​សារ​ការ​ប្រើ​ប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល​ តាម​មាត្រា​៤១៣​ និង​មាត្រា​៥០៣នៃក្រម​ព្រហ្មទណ្ឌ​ ។ បទល្មើស​ទាំង​ពីរ​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ពី​ ២ឆ្នាំ​១ខែ​ ទៅ​៥ឆ្នាំ​៣ខែ​ និងពិន័យពី​៤លាន១សែន​រៀល​ ទៅ​១០លាន​៣សែន​រៀល​។

គួររំលឹក​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ គណៈ​កម្មការ​ចម្រុះ​សាលា​ខណ្ឌ​ដូនពេញ​ ដឹក​នាំ​លោក​ សុខ​ ពេញ​វុធ​ អភិបាល​រង​ខណ្ឌ​ដូនពេញ​ ក្រោម​ការ​សម្របសម្រួល​តាម​ផ្លូវ​ច្បាប់​ ពី​លោក​ស្រី​ ស៊ី​ វណ្ណី​ ព្រះរាជ​អាជ្ញា​រង​ អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​ រដ្ឋប្បវេណី​ របស់​តុលាការ​កំពូល​ លេខ៤៤ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៧ ប្រគល់ដី​ឡូតិ៍​ និងផ្ទះលេខ៩៧B ផ្លូវ១០៨ ក្រុមទី១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ ទៅ​ឲ្យ​ភាគី​ឈ្នះ​ក្ដី​ឈ្មោះ​ ស៊ឹម ឡង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ ដោយមានអ្នកស្រី ទី គឹមស្រ៊ាន ជាមេធាវី ដោយអាណត្តិ ធ្វើជាតំណាង។​ ប៉ុន្ដែ​ភាគី​ចាញ់ក្ដី​មិន​ព្រម​អនុវត្ត​តាម​ការ​អនុវត្ត​នេះ​ទេ​ ពោល​គឺ​បាន​យក​ប្រេង​សាំង ​ចាក់​លើ​សម្រក​កង់​ឡាន​បង្ក​ជា​អគ្គិភ័យ​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​។

ក្រោយ​ហេតុការណ៍​នេះ​ រថយន្ត​ពន្លត់​អគ្គិភ័យ ​បាន​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់​ ដែល​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ជា​ភាគី​ចាញ់ក្ដី​ រង​របួស​ធ្ងន់​ផងដែរ​៕