(ភ្នំពេញ)៖ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕